ទីក្រុងវីយ៉េន៖ អង្គសន្និសីទអន្តរជាតិដែលមានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី៧ ដល់ ១០ ខែកក្កដា ឆ្នាំ២០១៤ បានប្រារពឡើងក្រោមកិច្ចសហការរៀបចំដោយ ក្រុមការងារបច្ចេកទេសកោសលវិច័យនុយក្លេអ៊ែអន្តរជាតិ (Nuclear Forensic International Technical Work Group) ប៉ូលីសអាំងទែប៉ូល (International Criminal Police Organization) និងកម្មវិធីនៃគំនិតផ្តួចផ្តើមជាសកលប្រឆាំងនឹងអំពើភេរវកម្មដោយប្រើនុយក្លេអ៊ែ នាទីក្រុងវីយ៉េន ប្រទេសអូទ្រីស និងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិន និងប្រតិភូប្រមាណជាជាង ៣៥០ នាក់ មកពី ៨៦ ប្រទេស និងអង្គការអន្តរជាតិចំនួន១០។
អង្គសន្និសីទនេះផ្តោតសំខាន់ទៅលើការចែករំលែកព័ត៌មានអំពីប្រវត្តិការប្រើប្រាស់តាមផែនការ និងការគ្រប់គ្រងទៅលើប្រភពសារធាតុនុយក្លេអ៊ែដែលសំខាន់សម្រាប់យកមកផលិតជាអាវុធនុយក្លេអ៊ែ និងសារធាតុវិទ្យុសកម្មផ្សេងៗ។ ថ្លែងក្នុងពិធីបើកអង្គសន្និសីទអន្តរជាតិនោះ លោក Yukiya Amano អគ្គនាយក របស់ IAEA បានបញ្ជាក់ថា “ ការជួយគ្នាក្នុងការកំណត់ប្រភព និងព័ត៌មានអំពីប្រវត្តិរបស់សារធាតុនុយក្លេអ៊ែ គឺវាសំខាន់ខ្លាំងណាស់ សម្រាប់ការធ្វើកោសលវិច័យគឺវាផ្តល់ចម្លើយយ៉ាងសំខាន់សម្រាប់ការស៊ើបអង្កេត ហើយវានឹងអាចជួយកំណត់អំពីគំលាតចន្លោះរវាងការអនុវត្ត និងច្បាប់ដែលមានជាធរមាន ដើម្បីបំពេញនូវតម្រូវការចាំបាច់សម្រាប់ការគ្រប់គ្រងសារធាតុនុយក្លេអ៊ែ និងវិទ្យុសកម្ម” ។
សូមបញ្ជាក់ផងដែរថា កម្ពុជាក៏ត្រូវបានអញ្ចើញឲ្យចូលរួមផងដែរ ដែលដឹកនាំដោយ ឯកឧត្តម អ៊ឹង អៀង ជាសមាជិកលេខាធិការដ្ឋាន គជបភ និងរួមដំណើរដោយលោក ប៉ឹល ច័ន្ទវីរៈ ប្រធាននាយកដ្ឋានព័ត៌មានបច្ចេកវិទ្យានៃលេខាធិការដ្ឋាន គជបភ។