សៀមរាប ៖ បន្ទាប់ពីបានដំណើរការវគ្គហ្វឹកហ្វឺនបញ្ចប់ដោយជោគជ័យនៅរាជធានីភ្នំពេញរួចមក នៅព្រឹកថ្ងៃទី០៥ ខែ មីនា ឆ្នាំ ២០១៥ នេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបន្តបើកវគ្គហ្វឹកហ្វឺនស្តីអំពីបច្ចេកទេស និងរបៀបនៃការប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម ដែលបានប្រារព្វធ្វើឡើងនៅខេត្តសៀមរាប រយៈពេល ០២ថ្ងៃ (០៥-០៦ ខែ មីនា ឆ្នាំ២០១៥) ដោយមានការសម្របសម្រួល និងធ្វើបទបង្ហាញដោយតំណាងមកពីសហគមន៍អឺរ៉ុប និងមានការចូលរួមពីមន្រ្តីនៅក្នុងលេខាធិការដ្ឋាន គ.ជ.ប.ភ មន្ត្រីគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិសៀមរាប អាជ្ញាធរព្រលានយន្តហោះអន្តរជាតិសៀមរាប តំណាងក្រុមហ៊ុនខេម ចូលរួមជាច្រើនរូបផងដែរ ។
អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះ ឯកឧត្តម អ៊ុឹង អៀង សមាជិក ល.គ.ជ.ប.ភ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធាន ល.គ.ជ.ប.ភ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះភាគីសហគមន៍អឺរ៉ុប និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការចូលរួមសហការដើម្បីឲ្យវគ្គហ្វឹកហ្វឺននេះទទួលបានលទ្ធផលល្អ ។ ឯកឧត្តម បន្តថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់ពីរបៀបដំណើរការ និងការប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះ លេខាធិការដ្ឋាន គ.ជ.ប.ភ និងប្រគល់ ក៏ដូចជាយកទៅបំពាក់នៅសាខាគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្តហោះអន្តរជាតិសៀមរាប ដើម្បីប្រើប្រាស់ការងារជាក់ស្តែង ។ ឯកឧត្តម អ៊ុឹង អៀង បានគូសបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលការងារនេះលេខាធិការដ្ឋាន គ.ជ.ប.ភ បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ក្នុងនោះដោយមានការចុះកិច្ចព្រមព្រៀងអនុសារណៈនៃការយោគយល់ រវាងលេខាធិការដ្ឋាន គ.ជ.ប.ភ ក្រសួងថាមពលសហរដ្ឋអាមេរិក និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ខេត្តព្រះសីហនុ។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ លេខាធិការដ្ឋាន គ.ជ.ប.ភ ក៏ទើបតែបានបញ្ចប់វគ្គហ្វឹកហ្វឺនដូចគ្នានេះជូនដល់មន្រ្តីគយនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ ។
នៅក្នុងថ្ងៃទី១ នៃវគ្គនេះ តាមរយៈបទបង្ហាញរបស់មន្រ្តីមកពីសហគមន៍អឺរ៉ុប បានឲ្យដឹងថា ចំពោះវគ្គហ្វឹកហ្វឺននេះ ក្រុមរបស់លោកនិងធ្វើការបង្ហាញពីការបង្ការមិនឲ្យមានការរត់ពន្ធសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរ ក្នុងនោះក៏និងមានបទបង្ហាញជាបន្តបន្ទាប់អំពីការយល់ដឹងពីអាវុធមហាប្រល័យ និងការគំរាមកំហែង, ស្វែងយល់ពីរូបវិទ្យា វិទ្យុសកម្មជាមូលដ្ឋាន និងការការពារវិទ្យុសកម្ម, ទិដ្ឋភាពរួមនៃបរិក្ខាររាវរកវិទ្យុសកម្ម, ការពិនិត្យដំបូងលើឧបករណ៍រាវរកវិទ្យុសកម្ម, ការឆ្លើយតបប្រតិបត្តិការចំពោះការរាវរក ហើយក៏មានការអនុវត្តលំហាត់ជាក់ស្តែងដោយស្វែងយល់ពីឧបករណ៍ទាំងនេះផងដែរ ៕



