ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេរភាគីរវាងភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុឹង អៀង សមាជិក ល.គ.ជ.ប.ភ តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធាន ល.គ.ជ.ភ និងតំណាងអាជ្ញាធរកំពង់ផែស្វ័យយ័តភ្នំពេញ, តំណាងសាខាគយ និងរដ្ឋាករកំពង់ផែស្វ័យយ័តភ្នំពេញ ជាមួយភាគីផ្តល់ជំនួយ ដោយមានការចូលរួមពី តំណាង IAEA តំណាងក្រសួងការពារជាតិសហរដ្ឋអាមេរិក, តំណាងក្រសួងថាមពលសហរដ្ឋអាមេរិក, និងតំណាងក្រុមហ៊ុនម៉ៅការសាងសង់គំរោង ។ ក្នុងជំនួបនេះបានប្រារព្វធ្វើឡើងនៅថ្ងៃទី ២០-២១ ខែ មេសា ឆ្នាំ ២០១៥ នេះ នៅកំពង់ផែស្វ័យយ័តភ្នំពេញ (ខ្សុំ) ។ ខ្លឹមសារសំខាន់នៅក្នុងជំនួបពិភាក្សានេះគឺសិក្សាលំអិតទៅលើគំរោងប្លង់មេ ដើម្បីបំពាក់ម៉ាស៊ីនរាវរកសារធាតុវិទ្យុសកម្ម (RPM) ដើម្បីស្កេននូវរាល់ទំនិញចេញ និងទំនិញចូល នៅក្នុងកំពង់ផែស្វ័យយ័តភ្នំពេញ។ នៅក្នុងជំនួបពិភាក្សាលើកនេះ អ្នកជំនាញទាំងពីរភាគីក៏បានចុះទៅត្រួតពិនិត្យទីតាំងដោយផ្ទាល់ ថាតើកន្លែងណា ដែលគួរបំពាក់ម៉ាស៊ីនស្កេនសារធាតុវិទ្យុសកម្ម (RPM) សំរាប់ស្កេនទំនិញនាំចេញ? កន្លែងណា សំរាប់ស្កេនទំនិញនាំចូល? និងកំណត់ទីតាំងសំរាប់ត្រួតពិនិត្យលើកទី២ ដែលគោលដៅសំខាន់នោះគឺការបំពាក់នេះមិនធ្វើឲ្យរាំងស្ទះ ឬខាតពេលវេលាក្នុងការចរាចរណ៍ទំនិញក្នុងកំពង់ផែឡើយ ។
នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម អ៊ុឹង អៀង ក៏បានធ្វើការផ្តាំផ្ញើរទៅដល់ភាគីកម្ពុជា តំណាងអាជ្ញាធរកំពង់ផែស្វ័យយ័តភ្នំពេញ, តំណាងសាខាគយ និងរដ្ឋាករកំពង់ផែស្វ័យយ័តភ្នំពេញ ចូលរួមសហការឲ្យបានខ្លាំងក្លាជាមួយភាគីដៃគូរ ទាំងលើផ្នែកបច្ចេកទេស ក៏ដូចជាការចូលរួមត្រួតពិនិត្យគុណភាព ក្នុងការតម្លើងនេះសំដៅធ្វើយ៉ាងណាអនុវត្តតាមផែនការដែលបានគ្រោងទុក ។ ចំណែកភាគីម្ចាស់ជំនួយ ឯកឧត្តមក៏បានណែនាំនូវមន្រ្តីសំខាន់ៗក្នុងការទំនាក់ទំនងនៅពេលអនុវត្តគម្រោងនៃការសាងសង់ (ដូចជាអ្នកទទួលខុសត្រូវផ្នែកបច្ចេកទេស អ្នកទទួលខុសត្រូវផ្នែកអគ្គីសនី អ្នកទទួលខុសត្រូវផ្នែកប្លង់ និងអ្នកទទួលខុសត្រូវផ្នែកសន្តិសុខ ជាដើម) និងបានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដែលជាបទពិសោធន៍ទទួលបានពីការអនុវត្តដោយជោគជ័យនូវគំរោងបំពាក់ម៉ាស៊ីនរាវរកសារធាតុវិទ្យុសកម្ម (RPM) នេះនៅកំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ ។
សូមបញ្ជាក់ផងដែរថា ការបំពាក់ម៉ាស៊ីនរាវរកសារធាតុវិទ្យុសកម្មនេះ គឺជាការបំពាក់លើកទី៤ ហើយ ដែលលើកទី១ គឺបានបំពាក់នៅកំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ, លើកទី២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, លើកទី៣ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងលើកទី៤ នេះ គឺបំពាក់នៅកំពង់ផែស្វ័យយ័តភ្នំពេញ ដែលគ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការក្នុងខែកុម្ភះ ឆ្នាំ២០១៦ ។ នេះសរបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺមានការប្តេជ្ញាខ្ពស់ដើម្បីចូលរួមជាមួយតំបន់ និងសកលលោក ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធសារធាតុវិទ្យុសកម្មខុសច្បាប់ ៕