កម្ពុជា​បាន​បង្ហាញ​ពី​ជំហរ​យ៉ាង​មុតមាំ​ ក្នុង​ការ​ចូលរួម​ជា​មួយ​អន្តរជាតិ​ ក្នុង​ការ​​ទប់​ស្កាត់​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការរត់​ពន្ធ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​វិទ្យុសកម្ម​ និង​នុយ​ក្លេអ៊ែរ

0

សៀមរាប ៖ វគ្គ​ហ្វឹកហ្វឺន​កម្រិត​អន្តរ​ជាតិ​រយៈ​ពេល​៤ថ្ងៃ​ មួយ​ក្រោម​ប្រធាន​បទ​ “វគ្គ​ហ្វឹកហ្វឺន​ស្តី​អំពី​បច្ចេក​ទេស​​រាវរក​​សារធាតុ​វិទ្យុ​សកម្ម​​សម្រាប់​អ្នក​ដឹក​នាំក្រុម​” ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​កិច្ច​សហការ​សម្រប​សម្រួល​​រវាង​ លេខា​ធិការដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​របស់​កម្ពុជា​ ក្រសួង​ថាមពល​របស់​សហរដ្ឋ​អាមេរិក​ និង​ ទី​ភ្នាក់​ងារ​ថាមពល​អាតូមិក​អន្តរ​ជាតិ​ (IAEA) ​នៅ​សណ្ឋាគារ​សុខា​អង្គរ​ ពីថ្ងៃ​ទី០៥​ ដល់​ ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ក្រុង​សៀមរាប​។

វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សិក្ខា​កាម​ចំនួន​២៦​នាក់​ដែល​អញ្ជើញ​មក​ពីប្រទេស​ចំនួន​​១៣​ រួមមាន​៖ កម្ពុជា​ គុយបា​ ហ្គាណា​ ឥណ្ឌូនេស៊ី​ លីធូញៀ​ ម៉ាឡេស៊ី​ ម៉ិចស៊ិកូ​ អាហ្វិ្រក​ខាងត្បូង​ ស្រីលង្គា​ ថៃ​ សហរដ្ឋ​អាមេរិក​ អាល់បានី​ អង្គការ​គយ​ពិភព​លោក​ (WCO)​ និង​ IAEA​។

ថ្លែង​ក្នុង​ការ​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​ការ​បើក​វគ្គ​ហ្វឹកហ្វឺន​នោះ​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ឱម យ៉ិនទៀង​ អនុ​ប្រធាន​លេខា​ធិការដ្ឋាន​គណៈ​កម្មា​ធិការ​ជាតិ​​ប្រឆាំង​ភេរវ​កម្ម​ បាន​បញ្ជាក់​ថា​ “ក្នុង​រយៈ​ពេល​កន្លង​មក​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក៏ដូច​ជាគណៈ​​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ ជា​ប្រធាន​បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​យ៉ាង​មុត​មាំ​​ និង​បាន​ចូល​រួម​ជា​មួយ​អន្តរ​ជាតិ​ ក្នុង​ការ​ទប់​ស្កាត់​ ប្រយុទ្ធ​ ប្រឆាំង​នឹង​ការ​រត់​ពន្ធ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​វិទ្យុ​សកម្ម​ និង​នុយ​ក្លេ​អ៊ែរ​នេះ ” ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​ញ្ជាក់​បន្ថែម​ទៀតថា​ “ក្រៅ​ពីការ​ចូល​រួម​ជា​ហត្ថលេខី​ និង​ជា​សមា​ជិក​ក្នុង​អនុ​សញ្ញា​អន្តរ​ជាតិ​សំខាន់ៗ​ជា​ច្រើន​ កម្ពុជា​បាន​នឹង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ការ​ផ្តល់​នូវ​វគ្គ​ហ្វឹកហ្វឺន​ដល់​មន្រ្តី​មក​ពី​ស្ថាប័ន​ពាក់​ពន្ធ័​នានា​ពី​ការ​យល់​ដឹង​នូវ​ការ​ទប់​ស្កាត់​ បង្ការ​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់​ពន្ធ​នូវ​សារ​ធាតុ​វិទ្យុ​សកម្ម​ និង​នុយ​ក្លេ​អ៊ែរ​ដោយ​ខុស​ច្បាប់​នានា​ រួម​ទាំង​ការហ្វឹកហ្វឺន​នៅ​ក្នុង​ប្រទេស​ និង​ការ​ចូល​រួម​ជា​ហ្វឹកហ្វឺន​ និង​ការ​ស្វែង​យល់​ជា​លក្ខណៈ​តំបន់​ និង​អន្តរ​ជាតិ​ផង​ដែរ​ ។ ជាង​នេះ​ទៀត​ កម្ពុជា​បាន​នឹង​កំពុង​បំពាក់​ឧបករណ៍​សំខាន់ៗ​ចាំ​បាច់​នានា​ដល់​មន្រ្តី​ជួរ​មុខ​របស់​យើង​ ជា​ពិសេស​ការ​បំពាក់​ឧបករណ៍​រាវ​រក​សារ​ធាតុ​វិទ្យុសកម្ម​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​ថ្មីៗ​នេះ​បាន​បំពាក់​បន្ថែម​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​ នូវ​ឧបករណ៍​រាវរក​សារធាតុ​វិទ្យុ​សកម្ម​កាន់​ដៃ​ និង​នៅ​កំពង់​ផែ​ទន្លេ​ថ្មី​នៅ​ខ្សុំ​ ខេត្ត​កណ្តាល​ នា​ពេលឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ”​ ។

ជា​ចុង​បញ្ចប់​នៃ​ពិធី​បើក​នេះ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ក៏​បាន​សុំដល់​ IAEA ឲ្យ​បន្ត​គាំ​ទ្រ​កម្ពុជា​ក្នុង​ការ​រៀប​ចំ​ជា​សិក្ខា​សាលា​បែប​ប្រមូល​ផ្តុំ​ចំរុះ​ស្ថាប័ន​ដែល​ពាក់ពន្ធ័​ ឱ្យ​បាន​ច្រើន​ថែម​ទៀត​ទាំង​ការ​បង្កើន​ការ​យល់​ដឹង​ និង​បង្កើន​សមត្ថ​ភាព​ដល់​មន្រ្តី​ពាក់​ពន្ធ័​របស់​កម្ពុជា​ ក៏​ដូច​ជា​មន្រ្តី​ក្នុង​តំបន់​ និង​អន្តរ​ជាតិ​ដើម្បី​យើង​ទាំង​អស់​គ្នា​កាន់​តែ​មាន​លទ្ធ​ភាព​ កាន់​តែ​មាន​សមត្ថ​ភាព​ពេញ​លេញ​ក្នុង​ការ​ចូលរួម​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​ជា​សកល​នេះ។

សូម​បញ្ជាក់​ថា​វគ្គហ្វឹកហ្វឺន​នេះ​ផ្តោត​សំខាន់​គឺ​ជួប​ជុំ​គ្នា​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​អំពីអ្វី​ដែល​ប្រទេស​របស់​ខ្លួន​បានជួប​ កំពុង​ប្រឈម​ និតិវិធី​ដើម្បី​ដោះ​ស្រាយ​ និង​ទទួល​យក​ចំណេះ​ដឹង​ថ្មី​អំពី​អ្នក​ជំនាញ​ ដែល​អញ្ជើញ​ស្ថាប័ន​ជំនាញ​របស់​ពិភព​លោក​មក​ធ្វើ​បទ​បង្ហាញ​។ នៅ​ក្នុង​វគ្គហ្វឹកហ្វឺន​នេះ​ផង​ដែរ​ កម្ពុជា​ក៏​​បាន​អនុញ្ញាត​ឲ្យ​សិក្ខា​កាម​ទាំង​អស់​ចូល​ទៅ​ទស្សនា​ និង​ដក​ស្រង់​បទ​ពិសោធន៍​ដ៏ល្អ​របស់​គយ​កម្ពុជា​ក្នុង​​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀមរាប​ ដែល​កន្លង​មក​ក្រោម​កិច្ច​សម្រប​សម្រួល​របស់​លេខាធិកា​រដ្ឋាន​​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ ជា​មួយ​នឹង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ កម្ពុជា​ទទួល​បាន​ការ​កោត​សសើរ​​ជា​ច្រើន​ពី​សំណាក់​ប្រទេស​ម្ចាស់​ជំនួយ​ជា​ដៃគូ​ ក៏​ដូច​ជា​ស្ថាប័ន​​អន្ត​រ​ជាតិ​​នានា​ ដោយ​កម្ពុជា​ជាប់​ជា​​ប្រទេស​​គំរូ​ក្នុង​​តំបន់​​ក្នុង​​ការ​ទប់​ស្កាត់​ទៅ​នឹង​ការ​រត់​ពន្ធ​សារធាតុ​វិទ្យុសកម្ម​​៕

09011010020106070801205