ទីក្រុងអាថែន៖ កាលពីពេលកន្លងទៅថ្មីៗនេះ ទីភ្នាក់ងារថាមពលអាតូមិក របស់អង្គការសហប្រជាជាតិបានរៀបចំសិក្ខាសាលាអន្តរជាតិមួយ ស្តីពីការអភិវឌ្ឍវិធីសាស្រ្តលើការប្រើប្រាស់ឧបករណ៍ដើម្បីបង្ការសកម្មភាពចរាចរណ៍ដោយខុសច្បាប់សារធាតុនុយក្លេអ៊ែរ និងវិទ្យុសកម្មក្រៅការគ្រប់គ្រង តាមនិយ័តកម្មច្បាប់ ពីថ្ងៃទី ៧-១០ ខែ កក្កដា ឆ្នាំ ២០១៥ នៅទីក្រុងអាថែន ប្រទេសក្រិក ដោយមានសិក្ខាកាមចូលរួមមកពីជិត ៥០ ប្រទេស រួមមាន ៖ កម្ពុជា អាហ្វហ្គានីស្ថាន បេនីន អាល់ម៉ានី វៀតណាម លេតវី អ៊ុយរូហ្គាយ ហុងហ្គារី កូឡុំប៊ី ស្វាហ្សីឡេន អាល់ម៉េនី អង់ហ្គោឡា ថៃ វេណេហ្សូអេឡា ស្វីស តង់ហ្សានី បង់ក្លាដេស បូស្នី និងហឺហ្សេកូវីន បូឡូវី មិចសិកូ អូម៉ង់ សែប៊ី តួគី ប៊ឺគីណាហ្វាសូ ចិន អ៊ីរ៉ាក់ ម៉ូរ៉ូកូ បារាំង អ៊ូហ្គាន់ដា ឆាត ម៉ង់តេនីក្រូ ឥណ្ឌូនេស៊ី ជីប៊ូទី ម៉ាឡេស៊ី អ៊ុយក្រេន អេហ្សីប ពរ័ទុយហ្គាល់ កេនយ៉ា កូដឺវ៍រ អេស្តូនឹ ហ្គាប៊ុង ក្រិក ហ្វីលីពីន សហរដ្ឋអាមេរិក (ក្រសួងថាមពល និងក្រសួងសន្តិសុខជាតិ) សហគមន៍អ៊ឺរ៉ុប និងទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ ដែលមានសិក្ខាកាមចំនួនជាង ៥០ រូប ចូលរួម ។
សិក្ខាសាលានេះផ្តោតលើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើការប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម និងការសម្របសម្រួលអន្តរស្ថាប័ននៅតាមបណ្តារប្រទេសនិមួយៗ ដោយមានទាំងការធ្វើបទបង្ហាញ និងការបែងចែកជាក្រុមពិភាក្សាចំនួន ០៦ ក្រុមតូចៗ។ គោល បំណងសំខាន់នៃសិក្ខាសាលានេះគឺផ្តោតលើការអនុវត្តន៍ល្អៗ និងបញ្ហាប្រឈមនានា ក៏ដូចជាការស្វែងរកគំនិតល្អៗក្នុងការបង្រួញបញ្ហាប្រឈមទាំងនោះ ពិសេសគឺសន្តិសុខនៃការគ្រប់គ្រងសារធាតុវិទ្យុសកម្មឆ្លងដែន ។ ក្នុងការពិភាក្សាលើកជាយោបល់ឱ្យមានការចូលរួមពីមន្រ្តី និងស្ថាប័ននានាផងដែរ ដូចជាឆ្មាំសមុទ្រ នគរបាលព្រំដែន អង្គភាពយោធាការពារព្រំដែន ទាហានជើងទឹក និងមន្រ្តីអនុវត្តន៍ច្បាប់ផងដែរ ដើម្បីបំពេញគ្នាបានប្រសើរ ៕