ភ្នំពេញ ៖ ជាការភ្ជាប់មកជាមួយនៅក្នុងដំណើរទស្សនកិច្ចសំរាប់គំរោងទស្សនៈកិច្ចសិក្សាគំរូប្លង់លំអិតរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី ១៣-១៤ ខែ កក្កដា ឆ្នាំ ២០១៥ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងភ្នំពេញនាចំណតទូទុកដាក់ទំនិញថ្មីក្នុងខេត្តកណ្តាលនោះ ប្រតិភូរបស់ក្រសួងថាមពលសហរដ្ឋអាមេរិក និងតំណាងក្រុមហ៊ុន សេស តិច សហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយភាគីកម្ពុជាដែលមានតំណាង ល.គ.ជ.ប.ភ និងតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រចាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើគំរោងថែទាំ និងនិរន្តភាពនៃការប្រើប្រាស់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម នៅកំពង់ផែផងដែរ ។
ប្រតិភូមានការផ្លាស់ប្តូរពីការប្រឈមនាពេលកន្លងមកលើប្រពន្ធ័ និងការគ្រប់គ្រងដំណើរការ និងការជួសជុលដើម្បីធានានិរន្តភាពនៃការប្រើប្រាស់ឧបករណ៍នេះ ហើយក៏បានពិភាក្សាអំពីពេលវេលាដែលភាគីអាមេរិក នឹងផ្ទេរការថែទាំទាំងស្រុងមកកម្ពុជា (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) នាឆ្នាំ២០១៦ ផងដែរ ។
នេះជាគំរោងមួយក្នុងចំណោមគំរោងជាច្រើនទៀតដែលកម្ពុជា និងសមភាគីជាមិត្តបានប្រឹងប្រែង និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្នុងការចូលរួមជាមួយតំបន់ និងសកលលោកលើការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការរត់ពន្ធដោយខុសច្បាប់នូវសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរដោយខុសច្បាប់ ។ គំរោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៩ ហើយចាប់ផ្តើមប្រើប្រាស់ក្នុងឆ្នាំ២០១១ ដោយថវិកាចំណាយទាំងស្រុងលើភាគីសហរដ្ឋអាមេរិក ដែលនឹងបន្តរហូតដល់ខែកញ្ញា ឆ្នាំ២០១៦ ទើបកម្ពុជាទទួលភារៈក្នុងការថែទាំ ។ នៅក្នុងប្រទេសក្នុងតំបន់នេះ មានប្រទេសថៃ ម៉ាឡេស៊ី ហ្វឹលីពីន ឥណ្ឌូនេស៊ី វៀតណាម បានប្រើប្រាស់ប្រពន្ធ័នេះ ហើយក៏ទទួលភារៈដូចគ្នា ដោយឡែកប្រទេសឡាវក៏នឹងទទួលបាននូវគំរោងបែបនេះនាពេលឆាប់ៗខាងមុខនេះផងដែរ ៕