របាយការណ៍៖ ការវាយប្រហារដោយគ្រាប់រ៉ុកែតទៅលើក្រុមប្រឆាំងអ៊ីរ៉ង់នៅអ៊ីរ៉ាក់សម្លាប់មនុស្ស ២៣ នាក់

0

ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន CNN ចេញផ្សាយថ្ងៃទី ៣០ ខែ​ តុលា ឆ្នាំ ២០១៥ 

គ្រាប់រ៉ុកែតបានបាញ់សំដៅទៅអតីតទីតាំងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកដែលជាកន្លែងនិរទេសជនជាតិអ៊ីរ៉ង់នៅក្បែរព្រលានយន្តហោះនៃទីក្រុងបាដាដ ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ អ្នកនាំពាក្យអង្គការប្រជាជន Mojahedin នៃប្រទេសអ៊ីរ៉ង់ លោក Shahin Gobadi បាននិយាយថា គ្រាប់រ៉ុកែតយ៉ាងហោចណាស់ ៨០ គ្រាប់បានបាញ់មកកាន់ជំរំសេរីភាព ( Camp Liberty ) ដែលជាកន្លែងសំខាន់នៃសមាជិកក្រុមបក្សប្រឆាំងប្រទេសអ៊ីរ៉ង់ លោក Mujahedin e-Khalq ឬ MEK ដែលបានរស់នៅទីនោះចាប់តាំងពីខែកុម្ភៈឆ្នាំ ២០១២។ បើយោងតាមក្រុមនេះ ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្សក្នុងជំរំចំនួន ២៣ នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Antonio Guterres បានថ្លែងថា៖ នេះគឺជាទង្វើដ៏អាក្រក់បំផុត ហើយខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ដែលកើតមានលើអ្នកដែលរស់នៅក្នុងជំរំសេរីភាព (Camp Liberty) នោះ។ “ការខិតខំប្រឹងប្រែងជួយសង្រ្គោះត្រូវតែធ្វើសម្រាប់អ្នកដែលរងរបួសនិងកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវក្នុងករណីនេះ”។​ មានប្រជាជនប្រហែល ២,២០០ នាក់ដែលរស់នៅក្នុងជំរំសេរីភាព (Camp Liberty) នេះបើយោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានសង្កត់ធ្ងន់លើការវាយប្រហារនេះផងដែរ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក John Kerry បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មដ៏ព្រៃផ្សៃនេះ ដែលបានធ្វើអោយប្រជាជនដែលរស់នៅក្នុងជំរំស្លាប់និងរងរបួស។ យើងសូមចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ហើយយើងសង្ឃឹមថាអ្នករងរបួសនិងឆាប់ធូរស្រាលឡើងវិញ។ ក្រុមនិរទេសជនជាតិអ៊ីរ៉ង់ត្រូវបានបញ្ជូនទៅកាន់ជំរំសេរីភាព (Camp Liberty) ពីជំរំនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីជាង ៣ ឆ្នាំមុន។ ក្រុម MEK ធ្លាប់ជាប់ឈ្មោះនៅលើបញ្ជីសហរដ្ឋអាមេរិកនៃអង្គការភេរវកម្មបរទេស ដោយសារតែសម្លាប់ជនជាតិអាមេរិកចំនួន ៦ នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ ១៩៧០ និងប៉ុនប៉ងវាយប្រហារប្រឆាំងនឹងបេសកកម្មរបស់អ៊ីរ៉ង់ទៅកាន់អង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩២។ ទោះជាយ៉ាងណា ក្រសួងការបរទេស បានដកឈ្មោះក្រុម MEK ចេញពីបញ្ជីកាលពីខែកញ្ញាឆ្នាំ ២០១២ ដោយលើកឡើងពីការលះបង់របស់ក្រុមនេះ ដោយគ្មានការវាយប្រហារអស់រយៈពេលជាង ១ សតវត្ស។ ចាប់តាំងពីឆ្នាំ ២០០៤ មកសហរដ្ឋអាមេរិកបានចាត់ទុកថាអ្នករស់នៅជំរំអាស្រាហ្វ (Camp Ashraf) “មិនមែនជាអ្នកចម្បាំង” និង “បុគ្គលដែលត្រូវការពារ” នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវនេះ។ ក្នុងឆ្នាំ ១៩៨០ មេដឹកនាំប្រទេសអ៊ីរ៉ាក់លោក Saddam Hussein បានអញ្ជើញសមាជិកនៃក្រុម MEK ផ្លាស់ទៅប្រទេសអ៊ីរ៉ាក់ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ ដែលបន្ទាប់មកមានសង្រ្គាមជាមួយប្រទេសអ៊ីរ៉ាក់។ ប្រទេសអ៊ីរ៉ង់បានចាត់ទុកក្រុមនេះជាអង្គការភេរវកម្មមួយ។ រដ្ឋាភិបាលអ៊ីរ៉ាក់នាពេលបច្ចុប្បន្នមានទំនាក់ទំនងជិតស្និតទៅនឹង តេអេរ៉ង់ (Tehran) និងតួលេខប្រឆាំងខ្លះមានការភ័យខ្លាចថាជំរំនេះនឹងរងការវាយប្រហារបន្ថែមទៀត។