ប្រភពព័ត៌មានពីបណ្តាញសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥
ក្រុងម៉ូស្គូ៖ ក្រុងម៉ូស្គូបាននិយាយថាខ្លួនបានសហការណ៍ជាមួយនឹងក្រុមប្រឆាំងក្នុងការវាយប្រហារតាមអាកាសនៅប្រទេសស៊ីរី ខណៈដែលសហរដ្ឋអាមេរិកបាននិយាយថាអ្នកបើកយន្តហោះរបស់ខ្លួនបានទាក់ទងជាមួយយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ី ដែលជាសញ្ញាថាប្រទេសមហាអំណាចទាំងពីរនេះកំពុងធ្វើការជាមួយគ្នាដើម្បីបញ្ចប់សង្រ្គាមស៊ីវិល មុនពេលនៃកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ។ គ្រាប់បែកបានទម្លាក់លើ ២៤ គោលដៅនៅក្នុងប្រទេសស៊ីរីដែលផ្គត់ផ្គង់ដោយ “តំណាងគណបក្សប្រឆាំង” នេះជាលើកដំបូងដែលបានអះអាងពីការធ្វើការជាមួយអ្នកប្រយុទ្ធប្រឆាំងរបបស៊ីរីចាប់តាំងពីការវាយលុកតាមដែនអាកាសនោះ។ លោក Andrei Kartapolov មន្ត្រីយោធាជាន់ខ្ពស់បានថ្លែងដោយមិនបានបញ្ជាក់ពីក្រុមពាក់ព័ន្ធថា “គោលដៅទាំងអស់នេះត្រូវបានផ្ដល់ឱ្យយើងដោយតំណាងគណបក្សប្រឆាំង”។ ប៉ុន្មានម៉ោងក្រោយមកមន្ទីរបញ្ចកោណបានអោយដឹងថា អ្នកបើកយន្តហោះចម្បាំងរបស់ខ្លួនបានទាក់ទងផ្ទាល់ជាមួយយន្តហោះចម្បាំងរបស់ប្រទេសរុស្ស៊ីនៅលើអាកាសប្រទេសស៊ីរី ដែលជាលើកដំបូងក្នុងការធ្វើតេស្តនៃយុទ្ធសាស្រ្តថ្មីដើម្បីធានាឱ្យបាននូវយុទ្ធនាការសមស្របសំរាប់ភាគីទាំងពីរកុំអោយមានការប៉ះទង្គិចគ្នានោះ។ ក្រុងវ៉ាស៊ីនតោននិងទីក្រុងម៉ូស្គូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី ២០ ខែតុលា ដែលបានដាក់ចេញនូវវិធានការដោយអោយយន្តហោះចម្បាំងរបស់ប្រទេសទាំងពីរស្ថិតនៅឆ្ងាយពីគ្នា ដើម្បីជៀសវាងការប៉ះទង្គិចគ្នា ឬគ្រោះថ្នាក់ផ្សេងៗ។ ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើកងកម្លាំងឧទ្ទាមរដ្ឋអ៊ីស្លាមចាប់តាំងពីខែធ្នូឆ្នាំ ២០១៤ មក ខណៈដែលប្រទេសរុស្ស៊ីបើកយុទ្ធនាការតាមអាកាសប្រឆាំងនឹងពួកឧទ្ទាមក្នុងខែកញ្ញាដែលមហាអំណាចលោកខាងលិចបាននិយាយថាវាត្រូវបានរចនាដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន គឺលោកប្រធានាធិបតីស៊ីរី បាសាអាល់អាសាដ នេះ។ ការសម្របសម្រួលរវាងប្រទេសទាំងពីរដែលរដ្ឋមន្រ្តីក្រសួងការបរទេសប្រទេសរុស្ស៊ីកំណត់ជួបពិភាក្សានាថ្ងៃពុធនេះ។ ប្រទេសទាំងពីរបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រនៅទីក្រុង Vienna រួមជាមួយការទូតកំពូលពីអន្តរជាតិចំនួន ១៧ ប្រទេសផ្សេងទៀតរួមមានទាំងសហរដ្ឋអាមេរិក អ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត ក្នុងការជំរុញ បញ្ចប់ជម្លោះរយៈពេលបួនឆ្នាំនេះ។ អ្នកចូលរួម ដែលមិនបានរួមបញ្ចូលតំណាងណាមួយរបស់រដ្ឋាភិបាលប្រទេសស៊ីរីឬសត្រូវរបស់ខ្លួន បានឯកភាពគ្នាថានឹងស្នើរអង្គការសហប្រជាជាតិចុះកិច្ចព្រមព្រៀងសន្តិភាពរវាងរបបនេះនិងគណបក្សប្រឆាំងដើម្បីបង្កើតរដ្ឋធម្មនុញ្ញ និងការបោះឆ្នោតថ្មីមួយ។ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសស៊ីរីលោក Faisal Moqdad កាលពីថ្ងៃអង្គារបានទទូចបញ្ជាក់ថា លោកអាសាដគឺជា “ប្រធានាធិបតីស្របច្បាប់ដែលបោះឆ្នោតដោយប្រជាជនស៊ីរី។