រុស្ស៊ីចោទថាទួរគីបាញ់ទម្លាក់យន្តហោះរបស់ខ្លួនដើម្បីការពារពាណិជ្ជកម្មប្រេងជាមួយក្រុម ISIS

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០១ ខែ​ ធ្នូ ឆ្នាំ ២០១៥

ប្រទេសរុស្ស៊ីបានចោទប្រកាន់ប្រទេសទួរគីអំពីការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួននៅជិតព្រំដែនប្រទេសស៊ីរីថាដើម្បីការពារពាណិជ្ជកម្មប្រេងរបស់ខ្លួនជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម (IS)។ ថ្លែងនៅកិច្ចចរចាអន្តរជាតិស្តីពីបំរែបំរួលអាកាសធាតុនៅទីក្រុងប៉ារីស លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀរពូទីន (Vladimir Putin) បានហៅការបាញ់ទម្លាក់យន្ដហោះចម្បាំងរបស់ខ្លួននេះជា កំហុសធំមួយ។ ប្រទេសទួរគីក៏បានបដិសេធអំពីទំនាក់ទំនងជាមួយក្រុមឧទ្ទាម IS ហើយថាខ្លួនជាផ្នែកមួយនៃក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ។ គួរបញ្ជាក់ផងដែរថារដ្ឋាភិបាលប្រទេសទួរគីបានបដិសេធមិនធ្វើការសុំទោសសម្រាប់ឧបទ្ទវហេតុនេះទេ។ អ្នកបើកបរយន្តហោះរុស្ស៊ីម្នាក់បានស្លាប់និងអ្នកផ្សេងទៀតត្រូវបានជួយសង្គ្រោះបន្ទាប់ពីការធ្លាក់យន្តហោះនៅថ្ងៃទី ២៤ ខែវិច្ឆិកា​ កន្លងមកនេះដោយប្រទេសទួរគីបាននិយាយថា យន្តហោះនេះបានហោះចូលដែនអាកាសរបស់ខ្លួន។ កាលពីថ្ងៃចន្ទម្សិលមិញនេះក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ភស្តុតាងដែលបានមកពីប្រភពទួរគីនិងអាមេរិកបង្ហាញថាយន្តហោះរបស់ប្រទេសរុស្ស៊ីពិតជាបានរំលោភលើដែនអាកាសរបស់ប្រទេសទួរគីមែន។ អ្នកនាំពាក្យលោកស្រី Elizabeth Trudeau បាននិយាយថាសហរដ្ឋអាមេរិកចង់លើកទឹកចិត្តអោយមានកិច្ចសន្ទនាដើម្បីលុបបំបាត់ភាពតានតឹងនេះ។ ប្រទេសរុស្ស៊ីបានចេញយុទ្ឋនាការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរី និងបានកំណត់គោលដៅលើពួកសកម្មប្រយុទ្ឋដែលប្រឆាំងនឹងលោកប្រធានាធិបតីស៊ីរី បាសាអាល់អាសាដរួមទាំងក្រុម IS ផងដែរ។ ប្រទេសទួរគីជាគូប្រជែងដ៏ខ្លាំងរបស់លោក អាសាដ និងត្រូវបានចោទប្រកាន់ក្នុងការមិនអើពើអោយពួកសកម្មប្រយុទ្ឋជីហាដឆ្លងកាត់ទឹកដីរបស់ខ្លួនចូលទៅក្នុងប្រទេសស៊ីរី។ ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មលើប្រទេសទួរគីអំពីការបាញ់ទម្លាក់យន្ដហោះ ក្នុងនោះមានទាំងការរឹតបន្តឹងលើការនាំចូលម្ហូបអាហាររបស់ទួរគីនិងបញ្ចប់ការមិនគិតថ្លៃលើលិខិតឆ្លងដែន។ ក្រុម ISIS រកប្រាក់ចំណូលរបស់ខ្លួនពីការលក់ប្រេងខុសច្បាប់ ទោះជាយ៉ាងណាប្រទេសទួរគីបានបដិសេធយ៉ាងរឹងមាំថាខ្លួនមិនបានចូលរួមនៅក្នុងពាណិជ្ជកម្មប្រេងនោះទេ។ លោក ពូទីន បានថ្លែងនៅសន្និសិទកាសែតមួយនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទថា យើងមានមូលហេតុគ្រប់គ្រាន់អំពីការបាញ់ទម្លាក់យន្តហោះរបស់យើង គឺធ្វើឡើងដើម្បីការពារការផ្គត់ផ្គង់ប្រេងទៅកាន់ទឹកដីរបស់ប្រទេសទួរគី។ លោកបន្តថា ប្រទេសរុស្ស៊ីទទួលបានព័ត៌មានជាច្រើនដែលបង្ហាញថាប្រេងរបស់ក្រុម ISIS បានដឹកឆ្លងកាត់ទឹកដីរបស់ប្រទេសទួរគី។

Russia 01-12-15Russia 01-12-15_1Russia 01-12-15_2