ពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ជាពិសេសលើវិស័យបច្ចេកវិទ្យាតែម្តង។ ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សសព្វថ្ងៃនេះគឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដែលធ្វើឱ្យជីវិតពួកគេមានភាពងាយស្រួលក្នុងការរស់នៅ បំពេញការងារ ប្រកបមុខរបស់អាជីវកម្មផ្សេងៗ ជាមួយគ្នានេះដែរឧបករណ៍ទាំងអស់នោះត្រូវការថាមពលដើម្បីប្រើប្រាស់ផងដែរ។
កាលពីពេលថ្មីៗនេះ បានធ្វើការផ្សព្វផ្សាយទាក់ទងទៅនឹងការអនុម័តឱ្យមានសមត្ថភាពសាកថ្មឥតខ្សែសម្រាប់ឧបករណ៍អេឡិចត្រូនិកដែលប្រើប្រាស់ថាមពលថ្មតិចតួច មានដូចជា នាឡិកាឆ្លាតវៃ (smart watch) និង ប៊ិចសម្រាប់ tablet ជាដើម។ ដើម្បីសាកថ្មឧបករណ៍តាមរយៈ NFC លោកអ្នកអាចប្រើជាមួយទូរសព្ទស្មាតហ្វូនដែលមានបច្ចេកវិទ្យា NFC ឬឧបករណ៍ NFC ក៏បាន។
បច្ចេកវិទ្យានេះអាចធ្វើការផ្ទេរថាមពលរហូតដល់ ១វ៉ាត់ និងប្រើប្រេកង់ជាមូលដ្ឋាន ១៣.៥៦ MHz ជាមួយនឹងអានុភាពនៃតភ្ជាប់របស់ NFC ដើម្បីធ្វើការគ្រប់គ្រងទៅលើការផ្ទេរថាមពល ដែលការដំឡើងនេះធ្វើឱ្យមានភាពល្អប្រសើរដល់អ្នកប្រើប្រាស់ ព្រោះវាមិនទាមទាឱ្យលោកអ្នកដាក់ឧបករណ៍ត្រូវគ្នាយ៉ាងល្អនោះទេដើម្បីសាកថ្ម ដែលផ្ទុយពីបច្ចេកវិទ្យាផ្សេងៗទៀតមានដូចជា Qi ជាដើម។
ទោះបី NFC Forum ទើបតែអនុម័តការប្រើប្រាស់សាកថ្មតាមរយៈ NFC ក៏ដោយក៏មានក្រុមហ៊ុនខ្លះបាននិងកំពុងសាកល្បងប្រើបច្ចេកវិទ្យានេះផងដែរ។ ជាឧទាហរណ៍ ក្រុមហ៊ុន Samsung បានប្រើបច្ចេកវិទ្យានេះជាមួយនាឡិកា Galaxy Fit ព្រោះហេតុនេះហើយបានជាអ្នកប្រើប្រាស់ពុំអាចសាកថ្ម Galaxy Fit ជាមួយទូរសព្ទស្មាតហ្វូន Samsung បាន ដោយសារថា ទូរសព្ទទាំងនោះបានប្រើបច្ចេកវិទ្យា Qi ដែលជាប្រព័ន្ធបច្ចេកវិទ្យាផ្សេងមួយទៀត។
គួររំឭកផងដែរថា NFC Forum គឺជាសមាគមន៍ឧស្សាហកម្មមួយដែលបង្កើតឡើងដោយមិនយកប្រាក់កម្រៃ តាំងពីឆ្នាំ២០០៤ មកម្លេះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកក្នុងការចែករំលែកគ្នាទៅវិញទៅមក និងធ្វើឱ្យមានភាពប្រាកដប្រជាក្នុងកិច្ចសហការរវាងឧបករណ៍និងសេវាកម្ម ព្រមទាំងធ្វើការអប់រំអំពីបច្ចេកវិទ្យា NFC ទៅលើទីផ្សារអ្នកប្រើប្រាស់ផងដែរ៕