ការ​គាំង​កុំព្យូទ័រ និង​បាត់​ទិន្នន័យ​ក្រោយពេល​ធ្វើ​បច្ចុប្បន្នភាព​នៅលើ Windows 10

0

ថ្មីៗនេះ​មាន​អ្នកប្រើប្រាស់ Windows 10 មួយចំនួន​មានការ​ឈឺក្បាល​វិលមុខ​ជាមួយនឹង​ការធ្វើ​បច្ចុប្បន្នភាព Windows 10 KB4556799 ដែល​បាន​ដាក់ឱ្យ​ដំឡើង​នៅ​ថ្ងៃទី១២ ឧសភា កន្លងទៅនេះ និង​បង្កឱ្យមាន​បញ្ហា​ដល់​ពួកគេ​ដូចជា បាត់​ទិន្នន័យ​ផ្ទាល់ខ្លួន មាន​សម្លេង​រំខាន​ចេញមក ព្រមទាំង​ធ្វើឱ្យ​គាំង​កុំព្យូទ័រ​ដោយ​បង្ហាញ​តែ​ផ្ទាំង​ពណ៌​ខៀវ (Blue Screen of Death) នៅលើ​អេក្រង់​កុំព្យូទ័រ ដែលជា​ការព្រួយបារម្ភ​មួយ​សម្រាប់​បណ្តារ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Windows 10 ផងដែរ។

បញ្ហា​ដែល​កើតឡើង​នៅពេល​ក្រោយ ការធ្វើ​បច្ចុប្បន្នភាព (update) នៅលើ Windows 10 វា​នឹង​បង្ហាញ​ចេញមក​ជា អ្នកប្រើប្រាស់​បណ្ដោះអាសន្ន (Temporary User) ដែល​មិនមាន​បង្ហាញឱ្យឃើញ​នូវ​រាល់​ទិន្នន័យ​ទាំងអស់​នៅក្នុង​កុំព្យូទ័រ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​គិតថា​ឯកសារ​របស់គេ​ត្រូវបាន​បាត់អស់ ប៉ុន្តែ​វា​មិនមែន​ដូច្នេះ​ទេ គឺ​វា​គ្រាន់តែ​ធ្វើការ​លាក់​ទិន្នន័យ​ឯកសារ​ទាំងនោះ​តែប៉ុណ្ណោះ។

ដោយឡែក​មាន​អ្នកប្រើប្រាស់​ខ្លះទៀត​ជួប​បញ្ហា​គាំង​កុំព្យូទ័រ​តែម្តង ដោយ​គ្រាន់តែ​ធ្វើ​បច្ចុប្បន្នភាព​ទៅ KB4556799 និង​បង្ហាញ​តែ​ផ្ទាំង​ពណ៌​ខៀវ​នៅលើ​អេក្រង់។ ចំណែក​បញ្ហា​មួយ​ផ្សេងទៀត​ជាមួយ​ការធ្វើ​បច្ចុប្បន្នភាព​នេះដែរ គឺ​ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ​សម្លេង ដែល​ចេញមក​មិន​ប្រក្រតី មានន័យថា​វា​ឮ​ទាំង speaker និង​ក្នុង headset (កាស) ព្រម​គ្នា​តែម្តង។

ប្រសិនបើ​លោកអ្នក​បានធ្វើ​បច្ចុប្បន្នភាព ហើយ​ពុំមាន​បញ្ហា​អ្វី​នោះទេ លោកអ្នក​ពុំ​ចាំបាច់​ធ្វើ​អ្វី​ទេ ប៉ុន្តែ​បើ​លោកអ្នក​មាន​បញ្ហា​នឹង​ការបាត់​ទិន្នន័យ លោកអ្នក​អាច​សាកល្បង បិទ​បើក​កុំព្យូទ័រ ៦ទៅ៨ដង​ដើម្បី​អាច​ចូលក្នុង​គណនី​ផ្ទាល់ខ្លួន​វិញ។ ជា​ចុងក្រោយ​បើ​លោក​អ្នកមាន​បញ្ហា​ផ្សេង​វិញ​នោះ លោកអ្នក​ត្រូវ​ធ្វើការ​លុបចេញ (uninstall) ការធ្វើ​បច្ចុប្បន្នភាព ដែល​បាន​ដំឡើង​រួច​នោះ​វិញ ដូច​បានបង្ហាញ​ខាងក្រោម​នេះ៖
1- ចុច​លើ​រូបភាព Windows ដែល​នៅ​ខាងក្រោម ផ្នែក​ខាងឆ្វេង
2- ចុច​លើ​ពាក្យ Settings
3- ចុច Update & Security ដែល​នៅ​ខាងក្រោម​គេ​បង្អស់
4- ចុច Windows Update នៅ​ផ្នែក​ខាងឆ្វេង
5- ចុច View Update History
6- ចុច Uninstall Updates
7- ចុច KB4556799
8- ចុច​លើ​ពាក្យ Uninstall ដើម្បី​ចាប់ផ្ដើម​ធ្វើការ​លុបចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here