មិនខុសពីលេខកូដសម្ងាត់ធនាគារ IMEI មិនចេះតែបង្ហាញឲ្យអ្នករាល់គ្នាដឹងបាននោះទេ ព្រោះជនខិលខូចអាចយកកូដនោះទៅ Report ឲ្យស្មាតហ្វូនរបស់យើង ជាប់ក្នុងបញ្ជីខ្មៅ ដែលគេនិយមហៅថាទូរសព្ទបាត់ (Lost)ឬត្រូវបានគេលួច (Stolen)។ នៅពេលចង់លក់ទូរសព្ទឲ្យនៅអ្នកដទៃ ប្រសិនបើគេឆែក IMEI លើគេហទំព័រ CheckMend ដើម្បីចង់ដឹងអត្តសញ្ញាណស្មាតហ្វូន ស្មាតហ្វូនយើងនឹងជាប់ប្រវត្តិមិនល្អ។
មួយវិញទៀត នៅទីផ្សារក្រៅស្រុកអ្នកជំនាញក៏បានបង្ហាញពីឧបាយកលជនខិលខូច ដោយខ្លះលួចយក IMEI របស់យើងទៅផលិតជាទូរសព្ទក្លែងក្លាយ (Clone) ហើយបើស្មាតហ្វូនជាប់ហេតុបញ្ហាអ្វី យើងដែលជាម្ចាស់ IMEI នៃឧបករណ៍ដើម ក៏ត្រូវរងការចោទប្រកាន់ទាំងមិនដឹងខ្លួន។
បញ្ហាសំខាន់មួយផ្សេងទៀត អ្នកដែលដឹងពីកូដ IMEI របស់យើង ក៏មានវិធីអាច ចាប់ទីតាំង ដែលយើងកំពុងឈរ មិនថាតែនៅទីណាក៏ដោយជុំវិញពិភពលោក។ អ្វីដែលសំខាន់ក្នុងប្រទេសមួយចំនួនគេបានប្រើស្មាតហ្វូន សម្រាប់ផ្ទេរនិងទទួលសាច់ប្រាក់ ក៏ដូចជាគណនីក្នុងស្មាតហ្វូនមួយ ម្ល៉ោះបើពួកគេដឹង IMEI ក៏មិនខុសពីការគ្រប់គ្រងទិន្នន័យទាំងមូលនៃឧបករណ៍យើងអ៊ីចឹងដែរ៕