គន្លឹះ​ការពារ​សន្តិសុខ​ព័ត៌មាន​នៅលើ​កុំព្យូទ័រ​យួរដៃ​ថ្មី

0

នៅពេលដែល​អ្នកទិញ ឬ​ទទួលបាន​កុំព្យូទ័រ​យួរដៃ​ថ្មី​អ្នក​គួរ​យល់ដឹង​អំពី​វិធានការ​ចាំបាច់​ដែល​ត្រូវអនុវត្ត​ដើម្បី​បង្កើន​សុវត្ថិភាព និង​ការពារ​ពី​ការគំរាមកំហែង​លើ​សន្តិសុខ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដោយ​អ្នក​គួរ​ធ្វើការ​ប្រុងប្រយ័ត្ន​ដូចខាងក្រោម​ដើម្បី​ជៀស​ផុតពី​ការវាយប្រហារ​ពី​សំណាក់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត។

១.ទិញ និង​ប្រើប្រាស់​កម្មវិធី​ប្រឆាំង​មេរោគ

ក្រៅពី​ការវាយប្រហារ​លួច​ចូល​វេ​ប​សាយ​របស់​សាជីវកម្មធំៗ ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ក៏​អាច​វាយប្រហារ​ចូលទៅ​កុំព្យូទ័រ​របស់​អ្នកប្រើប្រាស់ម្នាក់ៗផងដែរ នៅពេល​វាយប្រហារ​ជោគ​ជ័យ និង​ភ្ជាប់​ចូល​ប្រើ​ទិន្នន័យ​នៅលើ​កុំព្យូទ័រ​យួរដៃ​របស់​អ្នក ពួកគេ​អាច​ឃ្លាំមើល​នូវ​សកម្មភាព​មួយចំនួន​របស់​អ្នក ហើយ​លើសពីនេះ​ពួកគេ​លួច​គណនី​ហិរញ្ញវត្ថុ និង​អត្តសញ្ញាណ​របស់​អ្នក​ផងដែរ។

ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​អាច​វាយប្រហារ​តាម​វិធីសាស្ត្រផ្សេងៗជាច្រើន ដូចជា​ការបោកប្រាស់​តាម​អ៊ី​ន​ធឺ​ណែ​ត​ដើម្បី​បោក​បញ្ឆោត​អ្នក​ឱ្យ​ផ្ញើ​ប្រាក់​ឱ្យ​ពួកគេ ឬ​តាមរយៈ​ការបញ្ចូល​មេរោគ​ទៅក្នុង​វេ​ប​សាយ​ដែល​អ្នក​ឧស្សាហ៍​ចូល​មើល​ញឹកញាប់ ដើម្បី​លួច​យក​ព័ត៌មាន​សំខាន់​របស់​អ្នក​នៅពេល​បញ្ចូល​ទៅក្នុង​វេ​ប​សាយ។

កម្មវិធី​ប្រឆាំង​មេរោគ គឺជា​វិធី​ដែល​ល្អ​បំផុត​ដើម្បី​ជៀសវាង​ពី​ការគំរាមកំហែង​ទាំងនេះ កម្មវិធី​ប្រឆាំង​មេរោគ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ចាប់/លុប ឬ​ប្លុក (block) មេរោគ មុនពេល​វា​ឆ្លង​ចូល​កុំព្យូទ័រ​យួរដៃ​របស់​អ្នក ហើយ​មិន​ប៉ះពាល់​ដល់​មុខងារ ឬ​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​នោះទេ។

២. ធ្វើការ​អាប់​ដេ​ត ឬ​បច្ចុប្បន្នភាព​កម្មវិធី

នៅពេល​អ្នក​ចាប់ផ្តើម​ប្រើប្រាស់​កុំព្យូទ័រ​យួរដៃ​ថ្មី អ្នក​គួរ​ធ្វើការ​អាប់​ដេ​ត ឬ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធីផ្សេងៗដែល​បាន​ដំឡើង​នៅលើ​កុំព្យូទ័រ​ទៅកាន់​ជំនាន់ ឬ​កំណែ​ចុងក្រោយ​នៃ​កម្មវិធី ព្រោះ​កម្មវិធី​ដែលមាន​ជំនាន់ ឬ​កំណែចាស់ៗងាយ​នឹងរង​គ្រោះ​ពី​ការវាយប្រហារ ហេតុនេះ​គឺ​វា​មាន​សា​រះ​សំខាន់​ណាស់​ក្នុង​ការរក្សា​កម្មវិធី​ឱ្យ​ស្ថិតនៅ​ជំនាន់ ឬ​កំណែ​ចុងក្រោយ​បំផុត។ សូមកុំ​រក្សាទុក​កម្មវិធី​ដោយ​មិនបាន​ធ្វើការ​អាប់​ដេ​ត​ជាច្រើន​ខែ ឬ​ឆ្នាំ ឧ.កម្មវិធី​រុករក​អ៊ី​ន​ធឺ​ណេ​ត “Google Chrome” មាន​កែប្រែ​ផ្នែក​សុវត្ថិភាព​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ក្នុង​ជួសជុល​ចន្លោះប្រហោង​ដែលមាន​នៅក្នុង​ជំនាន់ ឬ​កំណែ​ចាស់ ដើម្បី​ការពារ​សុវត្ថិភាព​ពី​ការវាយប្រហារ​របស់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត។

៣.ប្រើ​បណ្តាញ​ឯកជន​និម្មិត (VPN) ដែល​អាច​ទុកចិត្តបាន

នៅពេលដែល​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ជា​លើកដំបូង សូម​មានការ​យកចិត្ត​ទុកដាក់​លើ​បណ្តាញ (network) ដែល​អ្នក​កំពុង​ភ្ជាប់​ថា​តើ​វា​ជា​បណ្តាញ VPN ផ្ទាល់ខ្លួន​របស់​អ្នក? ឬ​ជា​បណ្តាញ Wi-Fi នៅ​ទីសាធារណៈ ដូចជា​នៅ​ហាង​កាហ្វេ? វា​មាន​ភាពខុសគ្នា​ផ្នែក​សុវត្ថិភាព​រវាង​បណ្តាញ​ទាំងពីរ​នេះ។

បណ្តាញ Wi-Fi នៅតាម​ទីសាធារណៈ​ភាគច្រើន​មាន​ភាព​ងាយ​គ្រោះ​ពី​ការវាយប្រហារ​របស់​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​អាច​ធ្វើការ​លួច​ឃ្លាំមើល​ចរាចរណ៍​ទិន្នន័យ ដោយ​ប្រព័ន្ធ​ទាំងនេះ​មិនបាន​ដាក់​លេខ​កូដ​សំងាត់​ការពារ​សុវត្ថិភាព និង​ជា​ប្រព័ន្ធ​ដែល​អាច​ប្រើប្រាស់​បាន​ដោយ​អ្នកប្រើប្រាស់​ទូទៅ ពួកគេ​អាច​ប្រើ​បណ្តាញ​នេះ​ក្នុង​ការចម្លង​មេរោគ​ទៅក្នុង​កុំព្យូទ័រ​ផ្សេងទៀត និង​លួច​យក​ទិន្នន័យ​ជាដើម។

ដូច្នេះ​ប្រសិនបើ​អ្នក​ត្រូវ​ប្រើ​បណ្តាញ Wi-Fi នៅ​ទីសាធារណៈ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយនឹង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​បញ្ចូល​ទៅក្នុង​វេ​ប​សាយ និង​ការផ្ញើ​តាមរយៈ​អ៊ី​ម៉ែ​ល ជាពិសេស​រាល់​ការធ្វើ​ប្រតិបត្តិការ​ជាមួយ​ព័ត៌មានសំខាន់ៗដូចជា ព័ត៌មាន​គណនី​ហិរញ្ញវត្ថុ ឬ​ធនាគារ​អន​ឡាញ (internet banking) ដែល​ការ​ប្រតិបត្តិការ​ព័ត៌មាន​ទាំងនេះ អ្នក​គួរប្រើ​ប្រាស់​តែ​នៅលើ​ប​ញ្តា​ញ​ដែលមាន​សុវត្ថិភាព​ដូចជា​បណ្តាញ Virtual Private Network (VPN) ជាដើម។

៤. ត្រូវ​ប្រាកដថា​កុំព្យូទ័រ​យួរដៃ​របស់​អ្នក​ត្រូវបាន​ការពារ​ដោយ​ពាក្យ​សំងាត់

ការដាក់​លេខ​សំងាត់​មើលទៅ​ដូច​រឿង​ធម្មតា​តែ​វា​ជា​រឿង​សំខាន់បំផុត​ដែល​អ្នក​មិនគួរ​មើលរំលង ឧទាហរណ៍​ថា​អ្នក​បាន​ភ្លេច​កំ​ព្យូ​រ​ទ័​រ​យួរដៃ​នៅក្នុង​ព្រលានយន្តហោះ ឬ​នៅ​កន្លែង​ទីសាធារណៈ​ណាមួយ​ហើយ​ត្រូវបាន​គេ​លួច​យក បើ​កុំព្យូទ័រ​របស់​អ្នក​គ្មាន​លេខ​សំងាត់​ការពារ គេ​អាច​ចូលទៅ​មើល​ឯកសារផ្សេងៗដែល​អ្នក​រក្សាទុក​ក្នុងនោះ អាច​រួមមាន​ទាំង ព័ត៌មាន​លេខ​សំងាត់​គណនីផ្សេងៗ ឬ​ព័ត៌មាន​កាត​ឥណ​ពន្ធ (credit card) ប្រសិនបើ​អ្នក​បាន​រក្សាទុក​ក្នុងនោះ ហេតុនេះ​នៅពេល​ទិញ​កុំ​ព្យូ​រ​ទ័​រ​ថ្មី​សូម​រួសរាន់​ដាក​លេខ​សំងាត់​ការពារ​ហើយ​កុំ​ចែករំលែក​ជាមួយ​អ្នក​ដ៏​ទៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here