គន្លឹះ​សន្តិសុខ ៦ យ៉ាង​ការពារ​ព័ត៌មាន​នៅលើ​ទូរស័ព្ទដៃ

0

នៅពេល​អ្នកធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ឫ​ដំណើរការ​កម្មវិធីផ្សេងៗនៅលើ​ទូរស័ព្ទដៃ ថេប​ប្លេ​ត (Tablet) និង​នាឡិកា​ឆ្លាត​វៃ (Smart Watch) របស់​អ្នក អ្នក​អាច​ប្រហែលជា​ចំណាយពេល​វេលា​ច្រើន​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ទូរស័ព្ទដៃ ហើយ​អ្នក​ប្រហែលជា​បានដឹង​អំពី​របៀប​ប្រើប្រាស់​កុំព្យូទ័រ​ឱ្យមាន​សុវត្ថិភាព តែ​របៀប​ការពារ​នៅលើ​ទូរស័ព្ទ​អាច​ខុសពី​គ្នា។ អ្នក​គួរ​អនុវត្តតាម​ជំហាន​ទាំង ៦ ខាងក្រោម​នេះ​ដើម្បី​ការពារ​ទូរស័ព្ទដៃ និង​ព័ត៌មាន​របស់​អ្នក​ឱ្យមាន​សុវត្ថិភាព។

១. ប្រើប្រាស់​លេខ​កូដ​សម្ងាត់

ទូរស័ព្ទ​របស់​អ្នក​អាច​ត្រូវបាន​គេ​លួច​ជាពិសេស​នៅ​ទីសាធារណៈ ហើយ​ព័ត៌មាន​ក្នុងនោះ​ក៏​អាច​ត្រូវបាន​គេ​ចូល​មើល​បានដែរ ហេតុនេះ សូម​មាន​ការយក​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ដើម្បី​ការពារ​ព័ត៌មាន​របស់​អ្នក​នៅក្នុង​ទូរស័ព្ទ អ្នក​គួរប្រើ​ប្រាស់​លេខ​កូដ​សម្ងាត់ (passcode), លេខ PIN ឬ​ស្គេ​ន​ក្រយៅ​ម្រាមដៃ ការប្រើប្រាស់​វិធីសាស្ត្រ​ការពារ​នេះ​អាច​ការពារ​ព័ត៌មាន​របស់​អ្នក​បាន​បើទោះជា​ទូរស័ព្ទ​របស់​អ្នក​បាន​បាត់ ឬ​ត្រូវបាន​លួច។

២. ត្រួតពិនិត្យ​កម្មវិធី​ប្រើប្រាស់​នៅលើ​ទូរស័ព្ទ​របស់​អ្នក

កម្មវិធី​នៅលើ​ទូរស័ព្ទ​មាន​ច្រើន​ប្រភេទ​ណាស់ កម្មវិធី​ខ្លះ​អាចជួយ​ឱ្យ​យើង​កត់ចំណាំ​បញ្ជី​ឥ​វ៉ាន់​ដែល​ត្រូវ​ទិញ កម្មវិធី​ខ្លះ​អាច​កក់​ហៅ​តាក់ស៊ី និង​ខ្លះទៀត​ជា​ប្រភេទ​ហ្គេម​ជាដើម ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​អ្នក​គួរ​យល់ដឹង​ឱ្យបាន​ច្បាស់​អំពី​សុវត្ថិភាព និង​ទិន្នន័យ​ដែល​កម្មវិធី​ទាំងនោះ​ទាញយក​ពី​ក្នុង​ទូរស័ព្ទ​របស់​អ្នក។ សូម​ទាញយក​កម្មវិធី​ពី​ប្រភព​ដែល​គួរឱ្យ​ទុកចិត្តបាន​ប៉ុណ្ណោះ ហើយ​លុប​កម្មវិធី​ណា​ដែល​អ្នក​លែង​ត្រូវការ ប្រសិនបើ​កម្មវិធី​មើលទៅ​មាន​លក្ខណៈ​ស្រពិចស្រពិល​សូម​អាន​មតិ​របស់​អ្នកប្រើប្រាស់ និង​មើល​គោលការណ៍​ឯកជន​ភាព និង​មុនពេល​ដំឡើង​នៅលើ​ទូរស័ព្ទ​របស់​អ្នក។

៣. សូម​ប្រយ័ត្ន​ចំពោះ WIFI

WI-FI គឺ​អាចជា​ច្រក​មួយ​ដែល​ឧក្រិដ្ឋជន​អ៊ី​ន​ធឺ​ណែ​ត​អាច​ភ្ជាប់​មក​ទូរស័ព្ទដៃ​របស់​អ្នក​បាន ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​គួរ​ជៀសវាង​ការភ្ជាប់​បណ្តាញ WI-FI នៅ​ទីសាធារណៈ ឬ WI-FI មិនមាន​សុវត្ថិភាព (មិនមាន​ពាក្យ​សម្ងាត់​ដើម្បី​ភ្ជាប់​ចូល) ក្នុងករណី​អ្នក​ត្រូវ​ប្រើ WI-FI នៅ​ទីសាធារណៈ​ជា​ចាំបាច់ អ្នក​គួរ​ពិនិត្យ និង​ភ្ជាប់​បណ្តាញ​ដែល​អ្នក​គិតថា​អាចមាន​សុវត្ថិភាព ហើយ​មិន​ត្រូវធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ឬ​ចូល​ប្រើប្រាស់​ទិន្នន័យ​សំខាន់​ឡើយ។

៤. ថតចម្លង​ទិន្នន័យ​របស់​អ្នក​ទុកជា​និច្ច

មិន​ថា​អ្នក​ទូរស័ព្ទ​របស់​អ្នក​ត្រូវបាន​បាត់ ឬ​ខូច​នោះទេ វា​ជាការ​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវមាន​ការថត​ចម្លង​ទុក​ទិន្នន័យ​ចេញពី​ទូរស័ព្ទ​របស់​អ្នក អ្នក​អាច​ចម្លង​ទុក​ព័ត៌មាន​យកទៅ​ផ្ទុក​ក្នុង​កុំព្យូទ័រ ឬ​ផ្ទុក​នៅលើ​ក្លោដ (cloud-based service) អាស្រ័យ​លើ​ប្រភេទ​ទូរស័ព្ទ​របស់​អ្នក ទូរស័ព្ទ​ខ្លះ​អាចមាន​មុខងារ​ដើម្បី​បញ្ជា​លុប​ទិន្នន័យ/ព័ត៌មាន​ពី​ចម្ងាយ​ពី​ក្នុង​ទូរស័ព្ទដៃ​របស់​អ្នក ហេតុនេះ​ការថត​ចម្លង​ទុក​ព័ត៌មាន​ជាការ​ការពារ​ដ៏​ល្អប្រសើរ​មួយ​ដើម្បី​ជួយ​រក្សា​ព័ត៌មាន​របស់​អ្នក។

៥. ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទដៃ

ទូរស័ព្ទ ឬ​ថេប​ប្លេ​តរបស់​អ្នក​គឺ​សុទ្ធតែ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដើម្បី​ដំណើរការ ហើយ​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​គឺ ទាមទារ​ការធ្វើ​អាប់​ដេ​ត​យ៉ាង​ទៀងទាត់ អ្នក​គួរ​តាមដាន និង​ពិនិត្យមើល​ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធីជារឿយៗដើម្បី​អាច​ទាញយក និង​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​បំផុត ការធ្វើ​បច្ចុប្បន្នភាព​ទាំងនេះ​អាច​ដោះស្រាយ​គុណវិបត្តិ​នៃ​សុវត្ថិភាព ហើយ​ធ្វើឱ្យ​ការប្រើប្រាស់​កាន់តែ​ងាយស្រួល និង​ការពារ​ព័ត៌មាន​នៅលើ​ទូរស័ព្ទដៃ​របស់​អ្នក។

៦. ចាក​ចេញពី​គណនី​របស់​អ្នក (log out)

ការចូល​ប្រើប្រាស់​គណនី​បណ្តាញ​សង្គម​ដោយ​មិនចាំបាច់​បញ្ចូល​ពាក្យ​សំងាត់​ចូល​សារ​ឡើងវិញ (stay logged in) វា​ផ្តល់​ភាពងាយស្រួល ប៉ុន្តែ​ប្រសិនបើ​នរណាម្នាក់​អាច​ប្រើប្រាស់​ទូរស័ព្ទដៃ​របស់​អ្នក​តែមួយ​ភ្លែត គេ​អាច​ឃើញ​ព័ត៌មានផ្សេងៗនៅក្នុង​នោះ​ដូចជា​រូបថត​និង​ការ​បង្ហោះ​ចុងក្រោយ សារ (text message) ជាដើម ហើយ​ពេលខ្លះ​គេ​អាច​បន្លំ​ខ្លួន​ជា​អ្នក​តែម្តង ដូចនេះ​ដើម្បី​ការ​ទូរស័ព្ទដៃ និង​ព័ត៌មាន​របស់​អ្នក​ឱ្យមាន​សុវត្ថិភាព​សូម​ធ្វើការ​ចាកចេញ​ពី​គណនី (log out) នៅពេល​ឈប់​ប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here