អ្នកប្រើប្រាស់ iOS 13.4.1 និង iOS 13.5 មាន​បញ្ហា​ដោយសារ​បើក​កម្មវិធី​មួយចំនួន​មិនបាន

0

អ្នកប្រើប្រាស់ iPhone មួយចំនួន​បាន​រអ៊ូរទាំ​នៅក្នុង​បណ្ដាញ​សង្គម Twitter ដោយសារ​ពុំ​អាច​បើក​កម្មវិធី​មួយចំនួន​បាន ហើយ​ទទួលបាន​សារ​បែបនេះ “This app is no longer shared with you” ទៅវិញ។

បញ្ហា​នេះ​បានចាប់ផ្ដើម​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ហើយ​ភាគច្រើន​ប៉ះពាល់​ជាមួយ​អ្នកប្រើប្រាស់ iOS 13.4.1 និង iOS 13.5។ កម្មវិធី​មួយចំនួន​ដែល​មិនអាច​បើក​បាន​នោះ​មានដូចជា YouTube, Twitter, WhatsApp, Facebook, TikTok និង LastPass ជាដើម។

ក្រុមហ៊ុន Apple ក៏បាន​ធ្វើការ​កែសម្រួល​បញ្ហា​នេះដែរ ដោយ​តម្រូវឱ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទាំងនោះ។ ហេតុ​ដូចនេះហើយ បានជា​លោកអ្នក​ខ្លះ​បានឃើញ​កម្មវិធី​ជាច្រើន ដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព​នៅក្នុង App Store កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ។

មុនពេល​ដែលមាន​ការ​កែសម្រួល​បញ្ហា​នេះ អ្នកប្រើប្រាស់​អាច​គ្រាន់តែ​លុប​កម្មវិធី​ចាស់​ចោល ហើយ​ដំឡើង​វា​ឡើងវិញ​ក៏បាន ប៉ុន្តែ​អ្វី​ជា​បញ្ហា​នោះ​គឺ​លោកអ្នក​អាច​បាត់បង់​ទិន្នន័យ​ចាស់​នៅក្នុង​កម្មវិធី​មួយចំនួន នៅពេលដែល​លោកអ្នក​បាន​លុប​កម្មវិធី​នោះ​ចោល។

សូមបញ្ជាក់​ផងដែរ​ថា ការ​ដែលមាន​បញ្ហា​ទៅលើ​កម្មវិធី​ទាំងអស់នេះ​មិនមែន​បណ្តាលមកពី​អ្នកបង្កើត​កម្មវិធី​ទេ គឺ​វា​ដោយសារ​កំហុស​បច្ចេកទេស​នៅក្នុង App Store ប៉ុណ្ណោះ។ ដើម្បី​ចៀសវាង​ពី​បញ្ហា​ទាំងអស់នេះ អ្នកប្រើប្រាស់​គួរ​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​កម្មវិធី​របស់ខ្លួន ប្រសិនបើ​កម្មវិធី​ទាំងនោះ​មាននៅ​ក្នុង​ផ្នែក​ធ្វើ​បច្ចុប្បន្នភាព​របស់ App Store៕

LEAVE A REPLY

Please enter your comment!
Please enter your name here