អេនដ្រយគឺជាប្រព័ន្ធប្រតិបត្តិការដ៏ពេញនិយមដែលមនុស្សរាប់លាននាក់បានកំពុងប្រើប្រាស់ទូទាំងពិភពលោក ប៉ុន្តែប្រព័ន្ធប្រតិបត្តិការនេះតែងតែមានបញ្ហាច្រើនជាមួយនឹង ការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់បើប្រៀបធៀបទៅនឹងប្រព័ន្ធប្រតិបត្តិការ iOS។
ថ្មីៗនេះ ក្រុមហ៊ុនហ្គូសហ្គលត្រូវបានប្ដឹងដោយអគ្គរដ្ឋអាជ្ញានៃរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ជុំវិញនឹងការចោទប្រកាន់ថាក្រុមហ៊ុននេះបានធ្វើការតាមដានទីតាំងរបស់អ្នកប្រើប្រាស់តាមប្រព័ន្ធប្រតិបត្តិការអេនដ្រយ ដោយខុសច្បាប់និងគ្មានការយល់ព្រមពីពួកគេ ទោះបីជាពួកគេបានបិទមុខងារតាមដានទីតាំង (Location) នេះដោយខ្លួនឯងហើយក៏ដោយ នេះបើយោងតាមការផ្សព្វផ្សាយពីសារព័ត៌មាន វ៉ាស៊ីនតោនផុស កាលពីថ្ងៃពុធកន្លងទៅនេះ។
ការចោទប្រកាន់នេះទាក់ទងទៅនឹងក្រុមហ៊ុនបន្តតាមដានទីតាំងរបស់អ្នកប្រើប្រាស់ ជាមួយកម្មវិធីអាកាសធាតុ និងការស្វែងរកគេហទំព័រផ្សេងៗនៅលើកម្មវិធី Chrome ទោះបីជាអ្នកប្រើប្រាស់បានបិទមុខងារនេះនៅក្នុងកម្មវិធីនិមួយៗនោះក៏ដោយ ហើយបែរជាតម្រូវឱ្យអ្នកប្រើប្រាស់ចូលទៅបិទមុខងារតាមដានទីតាំងនៅក្នុង Settings ដែលប្រកបដោយភាពស្មុគស្មាញទៅវិញ។
គួររំឭកផងដែរថា កាលពីពេលកន្លងទៅក្រុមហ៊ុនហ្គូសហ្គល ក៏បានជួបនឹងបញ្ហាស្រដៀងគ្នានឹងករណីខាងលើនេះដែរ ហើយក្រុមហ៊ុនក៏បានរងការផាកពិន័យជាច្រើនលើកច្រើនសារផងដែរ ដូចជានៅពេលថ្មីៗនេះ សហភាពអឺរ៉ុបបានផាកពិន័យក្រុមហ៊ុនហ្គូសហ្គល ចំនួន១.៧ពាន់លានដុល្លារ ទាក់ទងទៅនឹងការរំលោភបំពានក្នុងការប្រើប្រាស់ទិន្នន័យដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំឭកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ទូរសព្ទវៃឆ្លាតទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះមុខងារតាមដានទីតាំងនេះ បើមិនមានការចាំបាច់ប្រើសូមកុំបើកវាអី ឬមុននឹងចូលប្រើកម្មវិធីផ្សេងៗទាក់ទងទៅនឹងអ៊ីនធឺណិត សូមចូលទៅបិទដោយផ្ទាល់ផង៕









