បុគ្គលិក Facebook ជាច្រើន​បង្ហាញ​ចេញ​នូវ​ការខកចិត្ត​លើ​បណ្ដាញ​សង្គម​ចំពោះ​ការ​បង្ហោះ​របស់​សារ​លោក​ត្រាំ

0

លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​ទាំង​លើ Twitter និង Facebook ទាក់ទង​នឹង​បាតុកម្ម​ដែល​កើត​មាននៅ​ទីក្រុង Minneapolis ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ George Floyd ដែល​បាន​ស្លាប់​យ៉ាង​វេទនា ព្រោះ​ប៉ូលិស​ក្រុង Minneapolis។

Twitter បានដាក់​ការព្រមាន​លើ​ការ​បង្ហោះ​របស់លោក ដូ​ណា​ល់ ត្រាំ ដោយ​និយាយថា​ជាការ​លើកតម្កើង​អំពើហិង្សា។ ប៉ុន្តែ Facebook ឯណោះ​វិញ​មិនបាន​បញ្ចេញ​សកម្មភាព​អ្វី​សោះ​លើ​ការ​បង្ហោះ​នេះ ដោយ​លោក Mark Zuckerberg ស្ថាបនិក Facebook បាន​និយាយថា​វា​មិនបាន​ល្មើស​នឹង​បទបញ្ជា​ក្រុមហ៊ុន​នោះទេ។

ការ​បង្ហោះ​របស់លោក​ប្រធានាធិបតី​អាមេរិក​មាន​ព្រមាន​ថា “ពេល​ចាប់ផ្ដើម​មានការ​លួច​របស់របរ ការបាញ់បោះ​ក៏​នឹង​ចាប់ផ្ដើម​ដែរ” ។

ការសម្រេចចិត្ត​របស់​ថ្នាក់លើ Facebook បានធ្វើ​ឲ្យ​បុគ្គលិក Facebook ជាច្រើន​បង្ហាញ​ចេញ​នូវ​ការខកចិត្ត​លើ​បណ្ដាញ​សង្គម។ Lauren Tan ជា​វិស្វករ Software ម្នា​ក់នៅ Facebook បានសរសេរថា ៖ “ការដែល Facebook មិនមាន​សកម្មភាព​ក្នុងការ​លុបចេញ​នូវ​ការ​បង្ហោះ​របស់លោក ត្រាំ ដែល​ញុះញង់​ឲ្យ​មាន​ហិង្សា ធ្វើ​ឲ្យ​ខ្ញុំ​អាម៉ាស់មុខ​ដែល​ធ្វើការ​នៅទីនេះ” ។

ជាការ​ឆ្លើយតប​នឹង​រឿងនេះ លោក Mark Zuckerberg បាន​បង្ហោះ​សារ​លើ​គណនី Facebook ផ្លូវការ​បកស្រាយ​ថា ៖ “ខ្ញុំ​ពិតជា​មិន​ឯកភាព​នឹង​ការនិយាយ​របស់លោក​ប្រធានាធិបតី​អំពី​រឿងនេះ ប៉ុន្តែ​ខ្ញុំ​ជឿថា​អ្នក​គ្រប់គ្នា​គួរតែ​អាច​មើលឃើញ​រឿងនេះ​ដោយ​ខ្លួនឯង ព្រោះ​អ្នកមានអំណាច​ត្រូវ​ទទួលខុសត្រូវ​ពេល​មតិ​របស់គេ​ត្រូវគេ​មើលឃើញ​ជា​សាធារណៈ​បែបនេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here