តើ​រុស្ស៊ី​គិតថ្លៃ​សេវាកម្ម​សម្រាប់​ការបញ្ជូន​អវកាសយានិក​របស់​អង្គការ NASA ទៅកាន់​ស្ថា​នី​អវកាស​តម្លៃ​ប៉ុន្មាន​ក្នុង​មួយ​ជើង?

0

លើកចុងក្រោយ​បង្អស់​ដែល​សហរដ្ឋអាមេរិក​ប​ញ្ជូ​ន​មនុស្ស​ពី​ទឹកដី​អាមេរិក​ទៅកាន់​ស្ថានីយ​អវកាស​គឺ​នៅក្នុង​ឆ្នាំ ២០១១ ។ ចាប់តាំងពី​ពេលនោះ​មក​អង្គការ NASA បាន​ពឹង​ផ្អែកលើ​រ៉ុ​ក​កែ​ត​រុស្ស៊ី​ឈ្មោះ  Soyuz ដើម្បី​ដឹកជញ្ជូន​អវកាសយានិក​របស់ខ្លួន​ទៅកាន់​ស្ថានីយ​អវកាស និង​ត្រឡប់មក​ផែនដី​វិញ។

តើ​រុស្ស៊ី​គិតថ្លៃ​សេវាកម្ម​សម្រាប់​ការបញ្ជូន​អវកាសយានិក​របស់​អង្គការ  NASA មួយជើងៗតម្លៃ​ប៉ុន្មាន?

គ្រប់យ៉ាង​អាច​នឹងមាន​ការផ្លាស់ប្ដូ​រ ដោយសារ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ យានអវកាស  Crew Dragon របស់​ក្រុមហ៊ុន​អាមេរិក  SpaceX ដែល​ផលិតឡើង​ដោយ​ប្រើប្រាស់​ប្រាក់ឧបត្ថម្ភ​របស់​អង្គការ NASA បាន​បញ្ជូន​អវកាសយានិក​ពីររូប​គឺ Bob Behnken និង Doug Hurley ទៅកាន់​ស្ថានីយ​អវកាស​ដោយ​ជោគជ័យ ក្នុង​បេសកកម្ម​មួយ​ឈ្មោះថា Demo-2។

ជោគជ័យ​នេះ មានន័យថា​សហរដ្ឋអាមេរិក​មាន​សមត្ថភាព​ឡើងវិញ​ក្នុងការ​បញ្ជូន​មនុស្ស​ទៅកាន់​ទី​អវកាស។ វា​ក៏​ជាការ​កត់ចំណាំ​សម្រាប់ SpaceX ដែល​នេះ​ជា​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​អវកាស​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ១៨ឆ្នាំ របស់​ក្រុមហ៊ុន។

រុស្ស៊ី​បាន​ប្រើប្រាស់​សមត្ថភាព​នៃ​ការបញ្ជូន​មនុស្ស​ទៅ​ទី​អវកាស ដើម្បី​គិតថ្លៃ​កាន់តែ​ខ្ពស់ទៅៗសម្រាប់​ការបញ្ជូន​អវកាសយានិក​របស់​អង្គការ NASA មួយជើង។ តម្លៃ​បាន​កើនឡើង​ពី​ប្រមាណ ២១លាន​ដុល្លារ នៅ​ឆ្នាំ ២០០៨ រហូតដល់​ជាង ៩០លាន​ដុល្លារ សម្រាប់​មនុស្ស​ម្នាក់ សម្រាប់​ការហោះហើរ​ដែល​គ្រោង​ធ្វើឡើង​នា​ខែតុលា​ខាងមុខនេះ។

ដោយឡែក​ចំពោះ​តម្លៃ​នៃ​ការបញ្ជូន​មនុស្ស​ម្នាក់​នៅលើ​យានអវកាស Crew Dragon របស់ SpaceX គឺ​ប៉ាន់​ស្មានថា​ចំណាយ​ប្រមាណ ៥៥លាន​ដុល្លារ។ ពេលដែល​អង្គការ NASA អាច​បញ្ជូន​អវកាសយានិក​ដោយ​ចំណាយ​តិចជាង​មុន គេ​នឹង​អាច​ប្រើប្រាស់​បរិយាកាស​ដែលមាន​ដែន​ទំនាញ​តិចតួច​ក្នុង​ស្ថានីយ​អវកាស ដើម្បី​ធ្វើការ​ពិសោធន៍​វិទ្យាសាស្ត្រ​បាន​កាន់តែច្រើន។

គួរ​ដឹងថា​អវកាសយានិក​ទាំងពីរ​ដែល​បាន​ទៅដល់​ស្ថានីយ​អវកាស រំពឹងថា​ត្រូវ​ចំណាយពេល​ច្រើន​សប្ដាហ៍​លើ​ស្ថានីយ មុន​វិល​ត្រឡប់មក​ផែនដី​វិញ ដោយ​រំពឹងថា​មាន​រយៈពេល ៣ ខែ​ឯណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here