គណនី​អ្នកនយោបាយ វិនិយោគិន​ចំនួន ១០ពាន់ ត្រូវបាន​ហេ​គ​ដោយ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​មកពី​ប្រទេស​ឥណ្ឌា

0

កាលពី​ថ្ងៃ​អង្គារ ទី០៩ ខែមិថុនា ភ្នាក់ងារ​សារព័ត៌មាន​ដកស្រង់​សម្តី​អតីត​បុគ្គលិក​របស់ក្រុមហ៊ុន​មួយ​ថា ក្រុមហ៊ុន​ព័ត៌មាន​បច្ចេកវិទ្យា​មកពី​ប្រទេស​ឥណ្ឌា​មានឈ្មោះ BellTroX InfoTech Services បានផ្តល់​នូវ​សេវាកម្ម​ហេ​គ​ឃ័​រ និង​ជួយ​អតិថិជន​របស់ខ្លួន​ក្នុងការ​លួច​យក​អ៊ី​ម៉ែ​ល​របស់​អ្នកនយោបាយ និង​វិនិយោគិន​មាន​ចំនួន​ច្រើនជាង១ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល៧ឆ្នាំ​មកនេះ។

ក្រុមហ៊ុន​នោះបាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ឆ្នាំ២០១៣ ។ អស់​រយៈពេល៧ឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​លួច​មើល​គណនី​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​តាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក​ឡាទីន។ វិនិយោគិន​អាមេរិក និង​ក្រុម​សិទ្ធិមនុស្ស​ក៏ដូចជា​អ្នកតំណាង​ប្រព័ន្ធតុលាការ​នៃ​ប្រទេស​បារាំង និង​អាហ្វ្រិក​ខាងត្បូង។

នៅក្នុង​ដំណើរការ​បោកប្រាស់​ក្រុមហ៊ុន​នោះបាន​ផ្ញើ​អ៊ី​ម៉ែ​ល​បោកប្រាស់​ដល់​ជនរងគ្រោះ ដោយ​ពួកគេ​បាន​ដើរតួ​ធ្វើជា​សហសេវិក ឬ​សាច់ញាតិ​របស់​ជនរងគ្រោះ ដើម្បី​ជា​លេស​ស្វែងរក​ពាក្យ​សម្ងាត់​របស់​ជនរងគ្រោះ​ទាំងនោះ។

ភ្នាក់ងារ​ព័ត៌មាន​មិនអាច​ស្វែងរក​ឈ្មោះ​អតិថិជន​របស់​ក្រុមហ៊ុន ឬ​កំណត់ថា​តើ​ការ​លួច​ចូល​បាន​ជោគជ័យ​ប៉ុន្មាន​នោះទេ។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Sumit Gupta បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា ក្រុមហ៊ុន​មិន​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់​ទេ។ លោក Gupta បន្ថែមថា ក្រុមហ៊ុន BellTrox ផ្តល់ជំនួយ​បច្ចេកទេស​ដល់​អ្នកស៊ើប​អង្កេត​ឯកជន ដែល​ពួកគេ​ផ្តល់ព័ត៌មាន​ផ្ទាល់ខ្លួន​ដើម្បី​ចូល​ប្រើ​គណនី​របស់​អ្នកដទៃ។

ទាក់ទិន​ទៅនឹង​ករណីនេះ គួរបញ្ជាក់​ផងដែរ​ថា មន្ត្រី​អនុវត្ត​ច្បាប់​របស់​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​ការស៊ើបអង្កេត​លើ​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​ចាប់ពី​ឆ្នាំ២០១៥ ហើយ​សហរដ្ឋអាមេរិក​ថែមទាំង​បានធ្វើការ​ចោទប្រកាន់​លើ​ក្រុមហ៊ុន BellTrox ពី​ការវាយប្រហារ​របស់​ក្រុម​ហេ​គ​ឃ័​រ ក្រោយពី​ក្រុមហ៊ុន​វិនិយោគ​អាមេរិក​ចំនួន២បាន​សារភាពថា ពួកគេ​បាន​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​ដើម្បី​ហេ​គ​លើ​គណនី​អ្នកជំនាញ​ផ្នែក​ទីផ្សារ។

នៅ​អំឡុង​ពេលនោះ​លោក Gupta ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជន​រត់គេចខ្លួន។ ក្រសួងយុត្តិធម៌​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​បច្ចុប្បន្ន​លើ​ករណីនេះ​ទេ៕

ប្រភពព័ត៌មាន TASS ផ្សាយ​ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here