បច្ចេកវិទ្យាបានធ្វើឱ្យការរស់នៅរបស់យើងកាន់តែមានភាពល្អប្រសើរឡើងតាំងពីការធ្វើដំណើរហូតដល់ការទទួលព័ត៌មាន គឺយើងអាចធ្វើបានដោយ ពុំចាំបាច់ចំណាយពេលវេលាច្រើន បើយើងប្រៀបធៀបទៅនឹងពេលដែលយើងពុំមានប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នេះ។
ប៉ុន្តែដោយសារបច្ចេកវិទ្យានេះផងដែរ ដែលនាំឱ្យយើងមានបទល្មើសបច្ចេកវិទ្យាជាច្រើន ដូចជាបទល្មើសក្នុងការកាត់តវីដែអូដែលគេហៅថា deepfake នេះជាដើម។
សម្រាប់លោកអ្នកខ្លះដែលពុំទាន់បានដឹងថាអ្វីទៅដែលហៅថា deepfake នោះទេ? deepfake គឺជាវិធីកាត់តរូបភាពដើម្បីបង្កើតវីដេអូថ្មី ដែលមានគុណភាពយ៉ាងល្អ ដែលមនុស្សភាគច្រើនមិនអាចមើលដឹងពីភាពខុសគ្នារវាងវីដេអូពិតនិងវីដេអូដែលបានកាត់តនោះ។
គោលបំណងរបស់ deepfake គឺដើម្បីបង្កើតវីដេអូក្លែងក្លាយ ដែលនាំឱ្យគ្រោះថ្នាក់ដល់សង្គម ព្រោះវានាំឱ្យយើងជឿលង់ថាអ្វីមួយជាការពិត ប៉ុន្តែតាមពិតវាជាការក្លែងបន្លំទៅវិញ។
ដោយឃើញពីភាពគ្រោះថ្នាក់ដល់សង្គមនេះហើយ ទើបក្រុមហ៊ុនហ្វេសប៊ុកបានប្រកាស កម្មវិធីប្រកួតប្រជែងមួយកាលពីខែកញ្ញាកន្លងទៅ ដើម្បីស្វែងរកកម្មវិធីណាដែលអាចកំណត់ Deepfake វីដេអូបានល្អជាងគេនោះ។ ការប្រកួតប្រជែងនេះមានអ្នកចូលរួមចំនួន ២១១៤នាក់ និងមាន Deepfake វីដេអូចំនួនជាង១០ម៉ឺន ដើម្បីឱ្យអ្នកចូលរួមធ្វើការសាកល្បង ដែលបានចំណាយថវិកាប្រមាណ ១០លានដុល្លារ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសលោក Selim Seferbekov ជាអ្នកឈ្នះរង្វាន់ ១លានដុល្លារ ព្រោះកម្មវិធីរបស់លោកអាចកំណត់ Deepfake វីដេអូបានដោយជោគជ័យប្រហែល 82.56% សម្រាប់ Deepfake វីដេអូទូទៅ និង 65.18% សម្រាប់ Deepfake វីដេអូដែលមានការកែសម្រួលបច្ចេកទេសផ្សេងៗ (Black box dataset)។ ក្រុមហ៊ុនហ្វេសប៊ុកអាចនឹងដាក់ឱ្យប្រើប្រាស់កូដនៃកម្មវិធីនេះជាលក្ខណៈ open source license ក្នុងពេលអនាគតដែលអាចឱ្យអ្នកដែលមានចំណាប់អារម្មណ៍ប្រើ និងថែមទាំងអាចកែសម្រួលកម្មវិធីនេះបានផងដែរ៕









