ក្រុមអ្នកជំនាញផ្នែកសុវត្ថិភាពបានធ្វើការក្រើនរំឮកជាច្រើនឆ្នាំមកហើយ ពីភាពគ្រោះថ្នាក់ក្នុងការព្យាយាមភ្ជាប់គ្រប់ឧបករណ៍បច្ចេកវិទ្យាជាមួយនឹងអ៊ីនធឺណិត ព្រោះវាអាចប្រឈមយ៉ាងខ្លាំងជាមួយនឹងការវាយប្រហារ។
ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញកំហុសឆ្គងយ៉ាងច្រើននៅក្នុងផ្នែកមួយនៃ Protocol (TCP/IP) ដែលបង្កើតឡើងក្នុងទសវត្សរ៍៩០ ដើម្បីភ្ជាប់ឧបករណ៍ទាំងនោះ ដែលធ្វើឱ្យឧបករណ៍បច្ចេកវិទ្យារាប់លានជុំវិញពិភពលោក មានដូចជាឧបករណ៍នៅក្នុងមន្ទីរពេទ្យ printers និងប្រព័ន្ធគ្រប់គ្រងថាមពលជាដើម អាចរងនូវការវាយប្រហារ។
ភាពចន្លោះប្រហោងនេះត្រូវបានគេឱ្យឈ្មោះថា Ripple20 ហើយកូដនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Treck ដែលជាក្រុមហ៊ុនសរសេរកម្មវិធីតូចមួយនៅរដ្ឋ Ohio សហរដ្ឋអាមេរិក។ ដូច្នេះអ្វីដែលគេមានការព្រួយបារម្ភនោះគឺដោយសារកូដនេះមកពីក្រុមហ៊ុនសរសេរកម្មវិធីនោះ មានន័យថាក្រុមហ៊ុនធំៗជាច្រើនអាចប្រើប្រាស់កូដនេះ ដើម្បីភ្ជាប់ឧបករណ៍ ឬកម្មវិធីពួកគេជាមួយនឹងអ៊ីនធឺណិតតាមរយៈ TCP/IP ដែលនាំឱ្យមានការពិបាកក្នុងការកែសម្រួល។
មកដល់ពេលនេះក្រុមហ៊ុន Treck បានសហការជាមួយក្រុមអ្នកស្រាវជ្រាវដើម្បីធ្វើការកែសម្រួល កំហុសឆ្គងទាំង១៩នោះហើយ ប៉ុន្តែគេនឹងត្រូវការរយៈពេលវែងទៀត ដើម្បីកំណត់ និងទាក់ទងក្រុមហ៊ុនដែលមានការប៉ះពាល់ដើម្បីធ្វើបច្ចុប្បន្នភាពឧបករណ៍ទាំងអស់នោះ។ សូមបញ្ជាក់ផងដែរថាលេខ ‘20’ នៅក្នុងឈ្មោះ Ripple20 គឺដើម្បីសម្គាល់ឆ្នាំ2020 ដែលជាឆ្នាំគេរកឃើញកំហុសឆ្គងប៉ុណ្ណោះ វាមិនមែនជាចំនួនកំហុសឆ្គងនោះទេ៕