ប្រទេស​ឥណ្ឌា ហាមឃាត់​ឈប់​ឱ្យប្រើ​ប្រាស់​កម្មវិធី​ទូរ​សព្ទរបស់ចិន​ចំនួន ៥៩កម្មវិធី

0

ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា បានធ្វើការ​ហាមឃាត់ ឈប់​ឱ្យប្រើ​ប្រាស់​កម្មវិធី​ទូរ​សព្ទ ចំនួន ៥៩កម្មវិធី ដែលមាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS ក្រោយពី​ពិនិត្យឃើញ​ពី​គុណវិបត្តិ​ជាច្រើន ពាក់ព័ន្ធ​នឹង​កម្មវិធី​ទាំងអស់នេះ ដែល​ភាគច្រើន​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ដើម្បី​បម្រើ​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ពួកគេ​តែប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធី​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ក៏ដូចជា​សិទ្ធិ​ថ្នាក់ដឹកនាំ ក្នុងការ​លួច​ទាញយក​ទិន្នន័យ​ទៀតផង។

TikTok ក៏​ជា​កម្មវិធី​មួយ​ដែល​ស្ថិតក្នុង​ចំណោម​នោះ ហើយ​ការបិទ​ឈប់​ឲ្យ​ប្រើ​នេះ នឹងធ្វើ​ឲ្យ TikTok ត្រូវ​ខាតបង់​លុយ​ច្រើនសន្ធឹក។

គួរ​ដឹងថា​កាលពី​ខែមេសា​ឆ្នាំមុន ឥណ្ឌា​ធ្លាប់​បិទ​កម្មវិធី TikTok រយៈពេល​មួយ​សប្ដាហ៍ ដោយពេល​នោះ​តាម​ពាក្យបណ្ដឹង​របស់​រដ្ឋាភិបាល​ឥណ្ឌា បាន​ចោទប្រកាន់ថា TikTok ជា​បណ្ដុំ​កម្មវិធី​មាន​ចែកចាយ​មាតិកា​មិន​សមរម្យ​និង​អាសអាភាស​ដែល​ផ្ដោត​ខ្លាំង​លើ​កុមារ​និង​មនុ​ស្សវ័យ​ជំទង់។

ក្រុមហ៊ុន​ដែលជា​អ្នកបង្កើត​កម្មវិធី TikTok ឡើង ឈ្មោះថា Bytedance Technology បាន​និយាយថា​អំឡុងពេល​បិទ​មួយ​សប្ដាហ៍​នេះ ក្រុមហ៊ុន​ត្រូវ​ខាតបង់​ទឹកប្រាក់​ជាង ៥០ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​ជាង ២៥០នាក់​ត្រូវ​ប្រឈមមុខ​បាត់បង់​ការងារ​ថែម​ទៀតផង។

តួលេខ​ពី​ក្រុមហ៊ុន​វិភាគ Sensor Tower ចេញផ្សាយ​កាលពី​ខែមេសា បាន​ឲ្យ​ដឹងថា​ឥណ្ឌា​ជា​ប្រទេស​ដែល​បាន​ដំឡើង​កម្មវិធី TikTok ច្រើនជាងគេ ដែលមាន​ចំនួន​ទាញយក​សរុប ៦១១លាន​ដង ស្មើនឹង ៣០,៣% នៃ​ចំនួន​ទាញយក​សរុប។ ដូចនេះ​ជាមួយ​ការបិទ​ឈប់​ឲ្យ​ប្រើ​ដោយ​គ្មាន​កំណត់​រយៈពេល​លើក​នេះ នឹងធ្វើ​ឲ្យ​កម្មវិធី TikTok ក៏ដូចជា​កម្មវិធី​ចិន​ដទៃទៀត​ត្រូវ​រង​ការខាតបង់​ជាខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here