បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងបិទមិនឱ្យ TikTok ធ្វើប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ហើយក៏បានហាមក្រុមហ៊ុនអាមេរិក ទិញបណ្ដាញទំនាក់ទំនងសង្គមនេះពីក្រុមហ៊ុន ByteDance ផងដែរ។ ក្រោយមានកិច្ចពិភាក្សារវាងលោក ដូណាល់ ត្រាំ និងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Microsoft លោក សត្យា ណាឌែលឡា (Satya Nadella) ក្រុមហ៊ុនយក្សអាមេរិកមួយនេះបានអះអាងថា ខ្លួននឹងបន្តចរចាទិញ TikTok ពីក្រុមហ៊ុន ByteDance ហើយអាចនឹងឈានដល់កិច្ចព្រមព្រៀង នៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។
យ៉ាងណាក៏ដោយ សេតវិមាន និងក្រុមហ៊ុន ByteDance មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយ ទៅនឹងសេចក្ដីរាយការណ៍របស់ Reuters នៅឡើយទេ ហើយក៏មិនទាន់ មានការបញ្ជាក់ឱ្យច្បាស់ថា តើហេតុអ្វីបានជាលោក ដូណាល់ ត្រាំ ផ្លាស់ប្ដូរចិត្តនោះដែរ។ ម្យ៉ាងវិញទៀត គេក៏នៅមិនទាន់ច្បាស់ដែរថា តើក្រុមហ៊ុន Microsoft នឹងទិញ TikTok ក្នុងតម្លៃប៉ុន្មាននោះទេ ខណៈបណ្ដាញទំនាក់ទំនងសង្គមចិនមួយនេះ ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃលើស ៥០ពាន់លានដុល្លារ៕