ក្រុមហ៊ុន Twitter ចង់​ទិញ TikTok នៅក្នុង​សហរដ្ឋអាមេរិក

0

ក្រុមហ៊ុន Twitter បាន​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ចិន ByteDance ដើម្បី​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន ក្នុងការ​ទិញយក​ប្រតិបត្តិការ​នៃ​បណ្ដាញ ទំនាក់ទំនង​សង្គម TikTok នៅក្នុង​សហរដ្ឋអាមេរិក។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ធ្វើ​សេចក្ដីរាយការណ៍​បែបនេះ ដោយ​ផ្អែកលើ​ប្រភព​ដែល​ខ្លួន​ទទួលបាន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។

Reuters បានឱ្យដឹង​ទៀតថា កិច្ចចរចា​បឋម​ទិញ TikTok របស់​ក្រុមហ៊ុន Twitter កើតមានឡើង​ចំពេល​ក្រុមហ៊ុន Microsoft ត្រូវបាន​គេ​មើលឃើញថា​មានលទ្ធភាព​ខ្ពស់​ជាងគេ​ក្នុង​ការទិញ TikTok ពី​ក្រុមហ៊ុន ByteDance។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក្រុមហ៊ុន Twitter និង​ក្រុមហ៊ុន​ចិន ByteDance មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​ទេ ទៅនឹង​សេចក្ដីរាយការណ៍​របស់ Reuters ខណៈ​Twitter កំពុងមាន​ជម្លោះ​ស្រាប់​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ។

គួរ​ជម្រាប​ថា នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចិន TikTok ត្រូវបាន​រាយការណ៍​ដូចគ្នា​ថា គ្រោង​នឹងដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​អាមេរិក នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយនេះ ដើម្បី​ប្រឆាំង​ជំទាស់​នឹង​បទបញ្ជា​ប្រតិបត្តិ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលមាន​បំណង​បិទ​មិនឱ្យ TikTok ធ្វើ​ប្រតិបត្តិការ នៅក្នុង​សហរដ្ឋអាមេរិក។

លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដោយ​បង្គាប់​ឱ្យ​ក្រុមហ៊ុន​អាមេរិក​បញ្ឈប់​ការធ្វើ​ប្រតិបត្តិការ ឬ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ByteDance ដោយ​ទុកពេល៤៥ថ្ងៃ ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ​លក់​បណ្ដាញ​ទំនាក់ទំនង​សង្គម TikTok របស់ខ្លួន ឱ្យ​ក្រុមហ៊ុន​អាមេរិក បើ​មិន​ដូច្នេះ​ទេ TikTok មិនអាច​បន្ត​ប្រតិបត្តិ​ការខ្លួន​នៅ​អាមេរិក​បាន​ទៀត​ទេ។

បន្ថែម​ពីលើ​នេះ លោក ត្រាំ ក៏បាន​ចាត់វិធានការ​ស្រដៀង​គ្នា នេះ​ដើម្បី​ហាមឃាត់​កម្មវិធី WeChat ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​ធិ​ន​សេន (Tencent)។ ក្រៅ​តែ Twitter និង​Microsoft ក្រុមហ៊ុន Apple ក៏មាន​ចំណាប់អារម្មណ៍​ទិញយក TikTok ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here