ប្រទេស​រុស្ស៊ី៖ ក្រុមហ៊ុន Apple បាន​រំលោភបំពាន​ក្នុងការ​គ្រប់គ្រង​ទីផ្សារ​កម្មវិធី​ទូរ​សព្ទ​តាមរយៈ App Store របស់ខ្លួន

0

ក្រុមអ្នកឃ្លាំមើលរបស់ សហពន្ធន៍​ប្រឆាំង​អាជីវកម្ម​ផ្តាច់មុខ (FAS) ប្រទេស​រុស្ស៊ី​បាន​និយាយថា ក្រុមហ៊ុន Apple បាន​រំលោភបំពាន​ក្នុងការ​គ្រប់គ្រង​ទីផ្សារ​កម្មវិធី​ទូរ​សព្ទ​តាមរយៈ App Store របស់ខ្លួន សម្រាប់​ឧបករណ៍ iOS ហើយនឹង​ចេញ​បទបញ្ជា​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ចំពោះ​ការរំលោភបំពាន​លើ​បទ​ប្បញ្ញត្តិ​ទាំងនោះ។

ការស៊ើបអង្កេត​របស់ FAS បានធ្វើ​ឡើង​តាម​បណ្តឹង​ពី​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Kaspersky Lab ដែលថា កំណែ​ថ្មី​របស់​កម្មវិធី Safe Kids ត្រូវបាន​បដិសេធ​ដោយ​ក្រុមហ៊ុន Apple ដោយសារតែ Apple បានដាក់​ចេញ​នូវ​កម្មវិធី​តាមដានរ​បស់​ខ្លួន​ដែលមាន​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 12 ដែល​វា​មាន​មុខងារ​ស្រដៀង​ទៅនឹង​កម្មវិធី Safe Kids របស់ Kaspersky ដែរ។ Safe Kids គឺជា​កម្មវិធី​តាមដាន​ដោយ​ឪពុកម្តាយ ដែល​អនុញ្ញាតឱ្យ​ពួកគាត់​អាច​គ្រប់គ្រង​លើ​ការប្រើប្រាស់​ទូរ​សព្ទ និង​ថេ​ប្លេ​តរបស់កូនៗរបស់​ពួកគាត់​បាន។

ក្នុងការ​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ ក្រុមហ៊ុន Apple បាន​ចេញមក​បដិសេដ​ថា ខ្លួន​បាន​លុប​កម្មវិធី​ប្រភេទ​នេះ​ជាច្រើន​ចេញពី App Store មិន​គ្រាន់តែ​កម្មវិធី​របស់​ក្រុមហ៊ុន Kaspersky របស់​នោះទេ ដោយ​គេ​គិតថា កម្មវិធី​ទាំងនេះ​អាចជា​បញ្ហា​ចំពោះ ឯកជន​ភាព និង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ លើសពីនេះទៅទៀត​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Apple បាន​ប្រាប់​ឱ្យដឹងទៀតថា ក្រុមហ៊ុន​ក៏​គ្រោង​ប្តឹង​ជុំទាស់​នឹង​សេចក្តីសម្រេច​របស់ FAS នេះដែរ។

គួរ​រំឭក​ដែរ​ថា​ក្រុមហ៊ុន Apple កំពុងតែ​ប្រឈម​ទាក់ទង​នឹង​ការគ្រប់គ្រង​កម្មវិធី​នៅក្នុង App Store ជាពិសេស​ទាក់ទង​នឹង​ការ​កាត់​យក​ភាគរយ​ចំនួន 30% ពី​អ្នក​អភិវឌ្ឍ​កម្មវិធី​ទាំង​នៅ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here