កម្មវិធី អ៊ីន​ស្តា​ក្រាម ត្រូវ​ប្រឈម​នឹង​ការប្តឹង​ថ្មី​មួយ​ទាក់ទង​ទៅនឹង​ការប្រមូល​ទិន្នន័យ​ជីវមាត្រ​របស់​អ្នកប្រើប្រាស់​ដោយ​ខុសច្បាប់

0

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​កំពុងតែ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ថ្មី​មួយ​ទៀតថា បាន​ប្រមូល​ទិន្នន័យ​ជីវមាត្រ​របស់​អ្នកប្រើប្រាស់​ដោយ​ខុសច្បាប់ ដែល​នៅក្នុង​បណ្តឹង​គឺ​ផ្តោតលើ​កម្មវិធី​ចែករំលែក​រូបថត​នៅក្នុង​កម្មវិធី​អ៊ីន​ស្តា​ក្រាម។

នៅក្នុង​ពាក្យបណ្តឹង​ថ្មី​ដែល​បាន​ប្តឹង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​រ៉េត​វូត រដ្ឋ​កាលីហ្វ័រ​ញ៉ា ក្រុមហ៊ុន​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រមូល​និង​រក្សាទុក ថែមទាំង​រកប្រាក់​ចំណេញ​ពី​ទិន្នន័យ​ជីវមាត្រ​របស់​អ្នកប្រើប្រាស់​អ៊ីន​ស្តា​ក្រាម​ជាង ១០០លាន​នាក់ ដោយ​មិនបាន​ជូនដំណឹង ឬ​យល់ព្រម​ពី​ពួកគេ​នោះទេ។ ដោយឡែក អ្នកនាំពាក្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ប្រាប់​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ី​មែ​ល​ថា “ការដាក់​ពាក្យបណ្តឹង​នេះ​គឺ​គ្មាន​មូលដ្ឋាន ដោយសារតែ​កម្មវិធី​អ៊ីន​ស្តា​ក្រាម មិនបាន​ប្រើ​បច្ចេកវិទ្យា​សម្គាល់​មុខ​ទេ” ។

គួរ​រំឭក​ដែរ​ថា កាលពី​ខែ​មុននេះ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ទើបតែ​បាន​យល់ព្រម​បង់ប្រាក់​ចំនួន ៦៥០លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បណ្តឹង​ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រមូល​ទិន្នន័យ​ជីវមាត្រ​ខុសច្បាប់​តាមរយៈ​មុខងារ photo-tagging ដែលមាន​នៅក្នុង​កម្មវិធី​ហ្វេ​ស​ប៊ុ​ក។

បើតាម​ការចោទប្រកាន់​នៅក្នុង​ពាក្យបណ្ដឹង​បាន បញ្ជាក់ថា ក្រុមហ៊ុន​ទើបតែ​ចាប់ផ្ដើម​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់អ៊ីន​ស្តា​ក្រាម​ទាក់ទង​នឹង​ការប្រមូល​ទិន្នន័យ​ជីវមាត្រ ចាប់​តាំងពីដើម​ឆ្នាំនេះ​តែប៉ុណ្ណោះ។

ខាងក្រោម​នេះ​ជា​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​ទាក់ទង​នឹង​ការប្រមូល​ទិន្នន័យ​របស់អ៊ីន​ស្តា​ក្រាម “ប្រសិនបើ​ក្រុមហ៊ុន​ដាក់ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្គាល់​មុខ ដើម្បីឱ្យ​ការប្រើប្រាស់​កម្មវិធីអ៊ីន​ស្តា​ក្រាម​កាន់តែ​ប្រសើរ​នោះ ក្រុមហ៊ុន​នឹងធ្វើ​ការជូនដំណឹង​ដល់​អ្នកប្រើប្រាស់​ជាមុន ហើយ​លោកអ្នក​ក៏​អាច​កំណត់​ក្នុងការ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ប្រើប្រាស់​បច្ចេកវិទ្យា​នោះបាន​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here