ប្រជាជនអូស្ត្រាលីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានការភ្ញាក់ផ្អើលនិងស្រឡាំងកាំងជាខ្លាំង ក្រោយដែលដឹងថា ទំព័រហ្វេសប៊ុកនៃរាល់គេហទំព័រព័ត៌មានទាំងក្នុងស្រុកនិងអន្តរជាតិទាំងអស់មិនអាចមើលឃើញបានដូចធម្មតា។ចំណាត់ការរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សហ្វេសប៊ុក ទទួលរងនូវការរិះគន់យ៉ាងឆាប់រហ័សពីសំណាក់ក្រុមអ្នកផលិតព័ត៌មាន អ្នកនយោបាយ និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សអូស្ត្រាលី។
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន ស្ថិតនៅក្នុងចំណោមក្រុមអ្នកដែលចេញមុខរិះគន់ហ្វេសប៊ុកមុនគេ។ លោកម៉ូរីសុន បាននិយាយថាទង្វើរបស់ហ្វេស៊ុកបែបនេះគឺចង់បង្ហាញពីអំណាចទីផ្សារដ៏ធំធេងរបស់ខ្លួន ចំពោះក្រុមបណ្តាញសារព័ត៌មាន និងថាហ្វេសប៊ុកបានធ្វើការសម្រេចចិត្តមួយដែលលែងចាត់ទុកប្រទេសអូស្រ្តាលីថាជាមិត្តទៀតហើយ។
យ៉ាងណាក៏ដោយ លោកប្រមុខរដ្ឋាភិបាលអូស្ត្រាលី នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តថានឹងឈានឆ្ពោះទៅសម្រេចឲ្យបាននូវច្បាប់ដែលចាត់តម្រូវឲ្យហ្វេសប៊ុកបង់ប្រាក់ដល់បណ្តាញសារព័ត៌មាននានា។គួរជ្រាបថា ក្រោយបិទខ្ទប់មិនឲ្យអ្នកប្រើប្រាស់អូស្ត្រាលីអាចចូលអាននិងចែករំលែកព័ត៌មានបានទៀត ហ្វេសត្រូវគេដាក់ឈ្មោះថា ជាក្រុមហ៊ុនមានឫកពាក្រអឺមក្រទម ហើយមានទិន្នាការដាច់ណាត់ពេក ក្នុងការរារាំងអ្នកប្រើប្រាស់អូស្រ្តាលីមិនឲ្យទទួលបានព័ត៌មាន ដើម្បីតែប្រឆាំងនឹង សភាអូស្រា្តលីដែលកំពុងពិនិត្យលើសេចក្តីព្រាងច្បាប់មួយ ។ ជាសេចក្តីព្រាងច្បាប់ ដែលចាប់បង្ខំហ្វេសប៊ុកឲ្យបង់លុយឲ្យក្រុមបណ្តាញសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានរបស់ពួកគេនៅលើវេទិកាសង្គមហ្វេសប៊ុក។
ចំណែកក្រុមហ៊ុនហ្វេសប៊ុកវិញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន ថាច្បាប់ដែលគេរំពឹងថានឹងត្រូវអនុម័តដោយសភាអូស្ត្រាលីក្នុងប៉ុន្មានថ្ងៃខាងមុន មិនទាន់យល់ច្បាស់ឡើយអំពី ទំនាក់ទំនងរវាងបណ្តាញសង្គម និងបណ្តាញសារព័ត៌មាន។ ស្របគ្នានេះ ហ្វេសហ៊ុកបញ្ជាក់ប្រាប់ថា ការហាមឃាត់ខ្លឹមសារព័ត៌មានសម្រាប់ប្រជាជនអូស្ត្រាលី គឺជាជម្រើសដ៏លំបាកមួយដែលហ្វេសប៊ុកជ្រើសរើសត្រូវធ្វើ៕