គេហទំព័រព័ត៌មាន Malaysiakini ត្រូវបានកាត់ទោសពីបទប្រមាថប្រព័ន្ធតុលាការ

0

គេហទំព័រ​ព័ត៌មាន Malaysiakini ដែល​មាន​អ្នក​ចូល​អាន​ច្រើន​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ជាប់ចោទ​ពី​បទ​ធ្វើ​អត្ថាធិប្បាយ​ទិតៀន​ប្រព័ន្ធ​តុលាការ និង​ដែល​បទអត្ថាធិប្បាយ​នោះ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​អ៊ីនធ័រនែត​ចំនួន ៥នាក់។ តុលាការ​យល់​ឃើញ​ថា បទអត្ថាធិប្បាយ​នោះ​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ទំនុកចិត្ត​របស់​សាធារណជន​ចំពោះ​ប្រព័ន្ធ​តុលាការ។ ចៅក្រម​លោកស្រី Rohana Yusurt បាន​បញ្ជាក់​ថា បទអត្ថាធិប្បាយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ Malaysiakini មាន​ការ​ស្តីបន្ទោស និង​មាន​បង្កប់​ដោយ​ទឡ្ហីករណ៍​នៃ​អំពើពុករលួយ​ដែល​គ្មាន​ការ​ពិត និង​ក្លែងក្លាយ។ នៅ​ក្នុង​សាលក្រម លោកស្រី Rohana Yusurt បាន​តម្រូវ​ឲ្យ​គេហទំព័រ Malaysiakini បង់​លុយ​ចំនួន ១២០ ០០០ដុល្លា។

ចំណែក​លោក Steven Gan ដែល​ជា​និពន្ធនាយក និង​ជា​ស្ថាបនិក Malaysiakini ត្រូវ​បាន​ចៅក្រម​​សម្រេច​ឲ្យ​រួច​ពី​ការ​ជាប់​ក្នុង​ពន្ធនាគារ។ « ការ​ផាក​ពិន័យ​ក្នុង​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​លើ​យើង​នេះ​មិន​ត្រឹម​តែ​ជា​ការ​ប៉ុនប៉ង​ដើម្បី​បំបិទមាត់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ប៉ុងប៉ន​ដើម្បី​បិទទ្វារ​យើង​ទៀត​ផង » នេះ​ការ​ថ្លែង​របស់​លោក Steven Gan នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត។ គួរ​បញ្ជាក់​ថា Malaysiakini ជា​គេហទំព័រ​ព័ត៌មាន​ឈាន​មុខ​គេ​មួយ​នៅ​ម៉ាឡេស៊ី​ដែល​បាន​ផ្សព្វផ្សាយ​នូវ​អត្ថបទ​ជា​ច្រើន​ស្តីពី​រឿងអាស្រូវ​ពុករលួយ​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ​នយោបាយ។ គឺ Malaysiakini ដែល​បាន​ចុះ​ផ្សាយ​យ៉ាង​ផុសផុល​នូវ​ការ​លួច​បង្វែរ​លុយ​រាប់ពាន់លានដុល្លារ​នៅ​ក្នុង​មូលនិធិ 1MDB រហូត​មាន​ការ​កោះហៅ​អតីត​នាយករដ្ឋមន្រ្តី​លោក​ណាហ្ស៊ីប រ៉ាហ្សាក់ និង​បក្ខពួក​របស់​លោក​ទៅ​សួរ​នាំ​នៅ​តុលាការ។

សម្រាប់​នាយករង​អង្គការ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​លោក Phil Robertson ការ​ចោទប្រកាន់​លើ​គេហទំព័រ Malaysiakini ជា​ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ក្តីបារម្ភ​ពី​សេរីភាព​សារព័ត៌មាន​នៅ​ម៉ាឡេស៊ី​តាម​រយៈ​ការ​កាត់ទោស​លើ​គេហទំព័រ Malaysiakini ក៏​មាន​ពី​ស្ថានទូត​អាមេរិក ឯកអគ្គរាជទូត​អង់គ្លេស និង​ឯកអគ្គរដ្ឋទូកាណាដា​ប្រចាំ​ម៉ាឡេស៊ី​ដែរ។ មាន​ការ​កត់សម្គាល់​ឃើញ​ថា សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅ​ម៉ាឡេស៊ី​បាន​កើន​ឡើង​ខ្លាំង​តាំង​ពី​ការ​ធ្លាក់​រដ្ឋាភិបាល​របស់​លោក​មហាធៀរ មហាម៉ាត់​ក្នុង​ឆ្នាំ ២០២០ និង​ការ​ឡើង​កាន់​អំណាច​របស់​រដ្ឋាភិបាល​ចម្រុះ​ដោយ​គ្មាន​ការ​បោះឆ្នោត៕

LEAVE A REPLY

Please enter your comment!
Please enter your name here