ភូមា៖ ​អាជ្ញាធរ​បិទ​​សេវា​អ៊ីនធ័រណិត​ទាំងស្រុង

0

នៅវេលាម៉ោង១រំលងអាធ្រាត្រ យប់ថ្ងៃទី១៥ ឈានចូលទី​១៦កុម្ភៈ សេវាអ៊ីនធ័រណិត ទូទាំងប្រទេសភូមា ត្រូវបាន​កាត់ផ្តាច់។ នេះគឺជាលើកទី​៤ហើយ ដែល​ក្រុមកងទ័ពកាន់អំណាចនៅភូមា បានចេញបញ្ជាឲ្យ​បិទសេវាអ៊ីនធ័រណិតទូទាំងប្រទេស ដើម្បីរារាំងការចែករំលែកសារ តាមបណ្តាញសង្គម ឲ្យ​ប្រជាជនផុសផុលធ្វើបាតុកម្ម។

លោកស្រី Christine Schraner Burgener ប្រេសីតពិសេស នៃអង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​ភូមា ​បានទូរស័ព្ទទៅនិយាយ​ជាមួយ​លោក​ សឺ ​វីន អគ្គបញ្ជាការរងនៃកងទ័ពជាតិភូមា ដោយ​លោកស្រី​ បានលើកឡើងថា ភាពរអាក់រអួលដែលជាឧបសគ្គទាំងនេះ គឺជាការរារាំងសិទ្ធិសេរីភាពរបស់​ប្រជាជនភូមា ហើយវាផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

ក្រៅពីសេវាអ៊ីនធ័រណិត អាជ្ញាធរភូមា បានបើកប្រតិបត្តិការតាមចាប់មនុស្សជាច្រើននាក់ ដែលគេអះអាងថា ជា​មេក្លោងឃោសនា ដឹកនាំចលនាបាតុកម្ម។ កម្លាំងទាហានប្រដាប់​ដោយ​អាវុធ និង​រថក្រោះជាច្រើនគ្រឿង ត្រូវបាន​គេដាក់ពង្រាយផងដែរ តាមទីក្រុងនានា តាំងតែពី​ថ្ងៃអាទិត្យមក។

តែយ៉ាងណាក៏ដោយ លោក មីន កូណាំង ដែលជា​​អតីតមេដឹកនាំចលនានិស្សិត​ កាលពី​ឆ្នាំ​១៩៨៨ បានចេញមុខ​ប្រកាស នៅក្នុងសារ​​វីដេអូមួយ ឲ្យ​ប្រជាជនភូមា តាំងចិត្តក្លាហាន កុំតក់ស្លុត ក្រោកឈរឡើងដើម្បី​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព។  លោក មីន កូណាំង ស្ថិតនៅក្នុងចំណោមជនទាំង​៧នាក់ ដែល​អាជ្ញាធរភូមា បានប្រកាសតាម​ចាប់ខ្លួន ប៉ុន្មានថ្ងៃចុងក្រោយនេះ។

គិតត្រឹមពេលនេះ មានមនុស្ស​ប្រមាណ​៤២០នាក់ ដែលត្រូវបានកងទ័ពចាប់ខ្លួន។ ដោយ​ឡែក សវនាកាកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវបើកធ្វើនៅថ្ងៃពុធ ទី​១៧កុម្ភៈ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍។ នេះបើផ្អែកតាមការបញ្ជាក់ ពីលោក Khin Maung Zaw មេធាវីរបស់​លោកស្រីអ៊ុងសាន ​ស៊ូជី។ ដោយឡែក លោកTom Andrews តំណាងអង្គការសហប្រជាជាតិ ប្រចាំនៅភូមា បានលើកឡើង នរណាក៏ដឹងច្បាស់ដែរ ថា​ សវនាកានេះ គឺគ្រាន់តែឆាកល្ខោន រៀបចំដោយ​ក្រុមយោធាភូមាតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here