នៅពេលនេះ Facebook បានបើកឲ្យមានការបង្ហោះព័ត៌មាននៅប្រទេសអូស្រ្ដាលីជាធម្មតាឡើងវិញហើយ បន្ទាប់ពីរដ្ឋាភិបាលអូស្រ្ដាលីបានសម្រេចចិត្ដកែសម្រួលច្បាប់ថ្មីនេះ។កាលពីលើកមុនសារព័ត៌មានបានចុះផ្សាយថា រាជរដ្ឋាភិបាលអូស្រ្ដាលីនឹងមិនធ្វើការកែប្រែច្បាប់ ដែលតម្រូវឲ្យក្រុមហ៊ុនបណ្ដាញសង្គមធ្វើការបង់ប្រាក់ទៅកាន់អង្គភាពសារព័ត៌មានរបស់ខ្លួនឡើយ។
ចំណែកឯ Facebook វិញ ក៏នៅតែបន្ដបិទការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសមួយនេះដដែល ប្រសិនបើមិនការកែសម្រួលច្បាប់ឡើងវិញ។ ដោយឡែក យោងទៅតាមអ្នកនយោបាយ លោក Josh Frydenberg និងរដ្ឋមន្ដ្រីផ្នែកទំនាក់ទំនង លោក Paul Fletcher របស់ប្រទេសអូស្រ្ដាលីបានប្រកាសកាលពីថ្ងៃអង្គាថា បន្ទាប់ពីបានចចារពិភ្សាគ្នាជាមួយនឹងព្រឹទ្ធសភាប្រមាណជា 11 ម៉ោងរួចមក រាជរដ្ឋាភិបាលអូស្រ្ដាលីបានសម្រេចចិត្ដថាមិនអនុវត្ដន៍ច្បាប់នេះទៅលើក្រុមហ៊ុន Facebook ក៏ដូចជាក្រុមហ៊ុនបណ្ដាញសង្គមដទៃទៀតនោះទេ ប្រសិនបើក្រុមហ៊ុនទាំងនេះធ្វើការចុះកិច្ចសន្យាជាមួយស្ថាប័នសារព័ត៌មានណា ដែលក្រុមហ៊ុនខ្លួនចង់បង់ប្រាក់ទៅឲ្យ។ មានន័យថា Facebook នឹងយល់ព្រមបង់ប្រាក់ទៅឲ្យស្ថាប័នសារព័ត៌មានណា ដែលមានកិច្ចព្រមព្រៀងជាមួយប៉ុណ្ណោះ។ ហើយរាជរដ្ឋាភិបាលអូស្រ្ដាលី ក៏មិនបង្ខំឲ្យក្រុមហ៊ុនបណ្ដាញសង្គមនានាធ្វើការអនុវត្ដន៍ច្បាប់នេះ ដោយគ្មានការស្ម័គ្រចិត្ដទៀតនោះឡើយ។
ភាពតានតឹងនៃភាគីទាំងពីរ នៅពេលនេះអាចនិយាយបានថាមានភាពប្រសើរឡើងហើយ ដោយ Facebook ក៏បានយល់ស្របនឹងការកែប្រែច្បាប់នេះឡើងវិញផងដែរ ក៏ដូចជាបានអនុញ្ញាតឲ្យប្រជាជនអូស្រ្ដាលីធ្វើការប្រើប្រាស់បណ្ដាញសង្គម Facebook បានដូចធម្មតាវិញ។









