ក្រុមហេគឃ័ររុស្ស៊ីAPTកេងចំណេញលើហេដ្ឋារចនាសម្ព័ន្ធលីទុយអានីដើម្បីបើកការវាយប្រហារតាមអ៊ីនធឺរណិត

0

ក្រុមហេគឃ័រ APT ដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ីបានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ប្រទេសលីទុយអានីដើម្បីបើកការវាយប្រហារតាមអ៊ីនធឺរណិតប្រឆាំងនឹងគោលដៅនានានៅទូទាំងពិភពលោក។

របាយការណ៍របស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសលីទុយអានីបង្ហាញថា “ក្រុមហេគឃ័រដែលមានទំនាក់ទំនងទៅនឹងការស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីក្នុងការវាយប្រហារតាមអ៊ីនធឺរណិតប្រឆាំងនឹងមន្រ្តីកំពូលរបស់ប្រទេសលីទុយអានី និងអ្នកធ្វើសេចក្តីសម្រេចចិត្តនៅឆ្នាំមុនហើយពួកគេថែមទាំងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ប្រទេសបាល់ទិកដែលជាមូលដ្ឋានដើម្បីវាយប្រហារលើគោលដៅនានានៅទីកន្លែងផ្សេងទៀត” ។

នៅឆ្នាំ២០២០ ប្រតិបត្តិការចារកម្មរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសលីទុយអានីមានការថយចុះដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ ទោះជាយ៉ាងណា ក្រុមហេគឃ័រ APT ដែលមានទំនាក់ទំនងទៅនឹងប្រទេសរុស្ស៊ីបានបង្កើនយុទ្ធនាការចារកម្មតាមអ៊ីនធឺរណិតប្រឆាំងនឹងគោលដៅនានានៅទូទាំងពិភពលោក។ នាយកដ្ឋានសន្តិសុខបានឲ្យដឹងថា ការបិទដំណើរការសាធារណៈ និងការបិទទ្វារនៅប្រទេសលីទុយអានីបានកាត់បន្ថយនូវប្រតិបត្តិការស៊ើបការណ៍របស់ប្រទេសរុស្ស៊ីប្រឆាំងនឹងប្រទេសនេះនៅក្នុងឆ្នាំ២០២០ និងបានផ្លាស់ប្តូរកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំងក្នុងការធ្វើចារកម្មតាមបណ្តាញអ៊ីនធឺរណិត។

លោក Jauniskis បន្ថែមទៀតថា ទីក្រុងម៉ូស្គូកំពុងប្រើមធ្យោបាយយោធា និងសេដ្ឋកិច្ច និងមានឥទ្ធិពលនានាតាមរយៈសារព័ត៌មានសម្រាប់ការអនុវត្តគោលដៅនយោបាយរបស់ខ្លួននៅក្នុងប្រទេសបាល់ទិកដែលមានប្រជាជនចំនួន២,៨លាននាក់។លោកបានស្តីបន្ទោសលើប្រទេសរុស្ស៊ី ដែលបានព្យាយាមប្រើប្រាស់បញ្ហាជំងឺរាតត្បាតជាមធ្យោបាយមួយដើម្បីបង្កើតការបំផ្លិចបំផ្លាញនៅប្រទេសលីទុយអានី ដោយលោកអះអាងថា លោកបានឃើញការប៉ុនប៉ងវាយប្រហារបរាជ័យចំនួនរាប់សិបលើកនៅរយៈពេលថ្មីៗនេះ។

របាយការណ៍បញ្ជាក់បន្ថែមថា ទាំងការវាយប្រហារតាមអ៊ីនធឺរណិត និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសលីទុយអានីក្នុងរយៈពេល១២ខែចុងក្រោយនេះ។ ក្រុមអ្នកជំនាញខាងសន្តិសុខបានចងក្រងឯកសារស្តីពីការវាយលុក និងការផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើន ដោយសន្មតថា នោះជាសកម្មភាពរបស់ក្រុមហេគឃ័រ APT ដែលមានទំនាក់ទំនងទៅនឹងប្រទេសរុស្ស៊ី និងផ្តោតការវាយប្រហារលើប្រទេសលីទុយអានី អេស្តូនី និងឡាតវីយ៉ា នៅឆ្នាំមុន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here