Apple ត្រូវបាននិយតករប្រទេសប្រេស៊ីលពិន័យលុយ 2 លានដុល្លារ ពីបទលក់ iPhone 12 Series មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់

0

iPhone 12 Series ដែលបានប្រកាសចេញជាផ្លូវការ កាលពីខែតុលា ឆ្នាំ 2020 កន្លងទៅ ក៏ដូចជាបានដាក់លក់នៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ មិនបានភ្ជាប់មកជាមួយក្បាលឆ្នាំងសាកនៅក្នុងប្រអប់វេចខ្ចប់របស់ពួកវានោះទេ។ ថ្មីៗនេះ  Apple ត្រូវបានគេពិន័យលុយចំនួន 2 លានដុល្លារ ពីបទលក់ iPhone មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់។

តាមរយៈគេហទំព័រ MacRumor វាមានដំណឹងថ្មីមួយ រាយការណ៍ដោយសារព័ត៌មាន Tilt បានបង្ហាញថា Apple ត្រូវបាន Procon-SP ជានិយតករការពារអ្នកប្រើប្រាស់សាធារណៈប្រចាំរដ្ឋ Sao Paulo របស់ប្រទេសប្រេស៊ីល ពិន័យលុយចំនួន 2 លានដុល្លារ ពីបទលក់ iPhone 12 Series មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់។ គួររំលឹកផងថា កាលពីចុងឆ្នាំមុន Procon-SP បានបញ្ជាក់យ៉ាងច្បាស់ថា ឆ្នាំងសាកគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការប្រើប្រាស់ iPhone ឬឧបករណ៍អេឡិចត្រូនិចចល័តផ្សេងទៀត ហេតុដូច្នេះបើសិនជា Apple ដាក់លក់ iPhone ដែលមិនភ្ជាប់មកជាមួយក្បាលឆ្នាំងសាក មានន័យថា Apple បានប្រឆាំងនឹងច្បាប់ការពារអតិថិជនដែលជាជនជាតិប្រេស៊ីលអញ្ចឹងដែរ។

Apple បានឆ្លើយតបទៅកាន់ Procon-SP ថា អតិថិជនរបស់គេភាគច្រើនមានក្បាលឆ្នាំងសាកដែលអាចប្រើជាមួយ iPhone 12 Series រួចមកហើយ។ ជាងនេះទៅទៀត ការមិនដាក់ក្បាលឆ្នាំងសាកទៅក្នុងប្រអប់របស់ iPhone 12 Series នឹងជួយឲ្យការបញ្ចេញកាបូនធ្លាក់ចុះ ដែលជាកត្តាចូលរួមចំណែកការពារបរិស្ថាន។ យ៉ាងណាមិញ ដោយសារតែ Apple មិនមានភស្តុតាងច្បាស់លាស់ដែលបញ្ជាក់ថា ការដែលមិនដាក់ឆ្នាំងសាកនៅក្នុងប្រអប់របស់ iPhone 12 Series ពិតជាចូលរួមចំណែកការពារបរិស្ថានមែន ហេតុដូច្នេះហើយ Procon-SP មិនអាចទទួលយកហេតុផលមួយនេះបាននោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here