Tesla ចាប់ផ្តើមអនុញ្ញាតឲ្យអ្នកទិញរថយន្តរបស់ខ្លួន ធ្វើការទូទាត់ជា Bitcoin

0

Bitcoinគឺជារូបិយប័ណ្ណ Digital មួយ ដែលមានប្រជាប្រិយភាពជាងគេបំផុត ក្នុងពេលបច្ចុប្បន្ននេះ ជាក់ស្ដែងកាលពីខែកុម្ភៈកន្លងទៅ Tesla ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីកំពុងមានសន្ទុះខ្លាំង បានធ្វើការទិញ Bitcoin ដែលមានតម្លៃស្មើនឹង 1.5 ពាន់លានដុល្លារថែមទៀតផង។ ដោយឡែក បន្ទាប់ពីបានចំណាយទឹកប្រាក់សន្ធឹកជាមួយ Bitcoin ពេលនេះ Tesla ចាប់ផ្តើមទទួលបានការទិញរថយន្តរបស់ខ្លួន ដោយប្រើប្រាស់រូបិយប័ណ្ណបែប Digital មួយនោះហើយ។

កាលពីពេលថ្មីៗនេះ លោក Elon Musk បានធ្វើការប្រកាសជាផ្លូវការ នៅតាមបណ្ដាញសង្គម Twitter ថា ចាប់ពីពេលនេះតទៅ Tesla ចាប់ផ្តើមទទួលយកការទូទាត់ ក្នុងការទិញរថយន្តរបស់គេ ដោយប្រើប្រាស់ Bitcoin ហើយ ប៉ុន្តែដំណាក់កាលដំបូងនេះ គឺបើកឲ្យនៅក្នុងសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។ បន្ថែមពីនេះ Elon Musk ក៏បានបញ្ជាក់ដែរថា សម្រាប់ប្រទេសផ្សេងៗទៀត ក្រៅពីអាមេរិកនោះ Tesla នឹងបើកទទួលយកការទូទាត់ដោយប្រើ Bitcoin ដូចគ្នា ប៉ុន្តែគឺនឹងចាប់ផ្តើម នៅចុងឆ្នាំខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសនោះ មហាសេដ្ឋីខាងលើ ក៏បានបញ្ជាក់ប្រាប់ពីវិធីដែល គេកំពុងគ្រប់គ្រង់រូបិយប័ណ្ណបែប Digital ឬ Crypto នោះដែរ ពោលគឺ Tesla មិនបានពឹងផ្អែកលើប្រព័ន្ធបណ្ដាញទី 3 ណាមួយនោះទេ ដោយគេបានប្រើប្រាស់ Software បើកចំហ (Open Source) ផ្ទាល់ខ្លួន និងធ្វើប្រតិបត្តិការទៅកាន់ Bitcoin ដោយផ្ទាល់តែម្ដង។

រាល់ការទូទាត់ជា Bitcoin ពីសំណាក់អតិថិជន Tesla មិនមែនធ្វើការបម្លែងទៅជាទឹកប្រាក់ធម្មតា (ប្រាក់ដែលដាក់ឲ្យប្រើដោយរដ្ឋាភិបាល) ដូចក្រុមហ៊ុនមួយចំនួនទៀតនោះឡើយ ផ្ទុយទៅវិញ Bitcoin ដែលបានមកនោះ នឹងត្រូវបានគេយកទៅដាក់បន្ថែម នៅក្នុងស្តុករបស់ក្រុមហ៊ុនគេផ្ទាល់តែម្ដង។ ក្នុងវេបសាយ Tesla ក៏បានធ្វើការណែនាំទៅកាន់អតិថិជន ដែលចង់ធ្វើការទូទាត់តាម Bitcoin នូវលក្ខខណ្ឌមួយចំនួនដែរ ជាក់ស្ដែងដូចជា អ្នកទិញត្រូវធ្វើការទូទាត់ពី E-Wallet របស់គេ និងត្រូវធ្វើការកំណត់តម្លៃ ឬចំនួននៃ Bitcoin ឲ្យទៅតាមតម្លៃដែលក្រុមហ៊ុនបានដាក់លក់ សម្រាប់រថយន្តនោះ ហើយមួយវិញទៀត តម្លៃនៃ Bitcoin សម្រាប់រថយន្តណាមួយ នឹងមានការកែប្រែរាល់ថ្ងៃ អាស្រ័យទៅតាមអត្រារបស់ Bitcoin អំឡុងពេលដែលពួកគេកំពុងទិញនោះ បើទោះជាតម្លៃគិតជាប្រាក់ដុល្លារនៅថេរក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here