យានអវកាស TESS របស់ NASA បានស្វែងរកឃើញភពក្រៅប្រព័ន្ធព្រះអាទិត្យសរុបចំនួន 2,200

0

2 ឆ្នាំមុន ពោលគឺក្នុងអំឡុងខែមេសាឆ្នាំ 2018 កន្លងទៅ NASA បានធ្វើការនាំយកយានអាវកាសរបស់ខ្លួនមួយ ដែលត្រូវបានគេហៅថា TESS (Transiting Exoplanet Survey Satellite) ទៅកាន់លំហ តាមរយៈយាន Falcon 9 របស់ SpaceX ដើម្បីឲ្យវាធ្វើការស្វែងរកវត្តមានរបស់ភពដទៃទៀត ដែលស្ថិតនៅខាងក្រៅនៃប្រព័ន្ធព្រះអាទិត្យរបស់យើង។ ជាក់ស្ដែងគិតមកទល់ពេលនេះ យានខាងលើនេះ វាពិតជាបានស្វែងរកឃើញភពជាច្រើន ស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យមែន កាន់តែពិសេសនោះ គឺថាវាអាចស្វែងរកឃើញចំនួនច្រើនជាង គម្រោងដែល NASA បានគ្រោងទុកទៅទៀត។

ថ្មីៗនេះ NASA បានធ្វើការបញ្ជាក់ជាផ្លូវការហើយថា យានអាវកាសសម្រាប់ធ្វើការប្រមាញ់ភព នៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ត្រូវបានហៅគាត់ថា TESS នោះ បានស្វែងរកឃើញភពសរុបប្រមាណជាជាង 2,200 ភពហើយ បើគិតចាប់តាំងពីឆ្នាំ 2018 មក។ ក្នុងនោះដែរ មានខ្ទង់រយភព ត្រូវបានគេដឹងថាជាភពតូចៗ ហើយក្នុងចំណោមភពនោះ ក៏មានភពមួយចំនួនមានរូបរាងស្រដៀងផែនដីច្រើន ប៉ុន្តែពោរពេញទៅដោយថ្ម និងត្រូវបានសន្មតថា មិនអាចទ្រទ្រង់ជីវិតរស់នៅបាននោះទេ។ គួរបញ្ជាក់ដែរ គោលដៅពេលដែល NASA ធ្វើបង្ហោះយានអាវកាសខាងលើទៅកាន់លំហនោះ គឺគេរំពឹងថា វានឹងអាចរកឃើញភពខ្ទង់ 1,600 ក្នុងរយៈពេល 2 ឆ្នាំ ប៉ុន្តែជាក់ស្ដែងទូរលេខដែលគេទើបបង្ហាញថ្មីខាងលើនោះ គឺបញ្ជាក់យ៉ាងច្បាស់ថា ក្នុងរយៈពេល 2 ឆ្នាំ (គិតមកទល់ពេលនេះ) វាអាចស្វែងរកឃើញភពច្រើនជាង ការរំពឹងទុករបស់ NASA ទៅទៀត។

នៅក្នុងចំណោមភព ដែលរកឃើញនោះ គឺមានភពមួយចំនួនត្រូវបានគេចាត់ទុកថា ជាភពដែលខុសប្រក្រតី ជាក់ស្ដែងដូចជា ភព TOI-700 d គឺហាក់ដូចជាគ្រប់ដណ្ដប់ដោយថ្មទាំងស្រុង ហើយវាមានចម្ងាយត្រឹមតែ 100 ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យយើងប៉ុណ្ណោះ។ រីឯភព LHS 3844 b នេះ វាហាក់ដូចជាភពផែនដី ដែលហ៊ុមព័ន្ធដោយកម្តៅអញ្ចឹង ដោយកាំរបស់វាមានទំហំធំជាងកាំផែនដី 1.32 ដង ហើយអ្វីដែលប្លែកនោះគឺថា ភពនេះវាធ្វើដំណើរវិលជុំវិញគន្លងរបស់វា ក្នុងរយៈពេលត្រឹមតែ 11 ម៉ោងប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here