បន្ទាប់ពីបានរង់ចាំអស់ជាងប៉ុន្មានខែមក ទីបំផុត CD Projekt Red បានធ្វើការបញ្ចេញកំណែអាប់ដេត Patch 1.2 សម្រាប់ហ្គេម Cyberpunk 2077 ដ៏ពេញនិយមខ្លាំង និងមានបញ្ហាច្រើនរបស់ខ្លួនហើយ។ នាពេលបច្ចុប្បន្ននេះ វាកំពុងតែចូលខ្លួនទៅ ជួសជុលកំហុសមួយផ្នែកធំ នៅលើម៉ាស៊ីនហ្គេម និងកុំព្យូទ័រ PC ដោយឡែក អ្នកដែលធ្វើការលេងតាមរយៈ Stadia នឹងត្រូវរង់ចាំដល់ចុងសប្ដាហ៍នេះ។
អ្វីដែលចាប់អារម្មណ៍បំផុត នៃកំណែអាប់ដេតធំ Patch 1.2 នេះគឺថា CD Projekt Red បានសន្យាកែសម្រួលដល់ការលេង នៅលើកុំព្យូទ័រកម្លាំងម៉ាស៊ីនមធ្យម និងម៉ាស៊ីនហ្គេមជំនាន់មុនៗ ឲ្យវាដំណើរការបាន ល្អប្រសើរជាងមុន ហើយលែងសូវគាំងដូចមុន។ លើសពីនេះទៅទៀត វាក៏ជួសជុលកំហុស គួរឲ្យធុញទ្រាន់មួយចំនួនដូចជា សុខៗស្រាប់តែមានប៉ូលីស កើតមកនៅជិតអ្នកលេង ក៏ដូចជាយានយន្ដអាចបើកបរបាន ដោយលែងសូវពិបាកបញ្ហា ជាដើម។ តាមការពិតទៅ កំណែអាប់ដេតធំលើកនេះ ត្រូវបានក្រុមហ៊ុន CD Projekt Red ប្រកាសសន្យាថា នឹងចេញតាំងពីខែកុម្ភៈមកម្ល៉េះ ប៉ុន្ដែមកពីរងការវាយប្រហារពីក្រុម Hacker ទើបធ្វើឲ្យពន្យាពេល មកដល់ចុងខែមីនានេះវិញ។