ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft នឹងក្លាយទៅជាអ្នកផ្គត់ផ្គង់វ៉ែនតា AR (Augmented Reality) ទៅឲ្យកងទ័ពសហរដ្ឋអាមេរិក ចាប់ពីពេលបច្ចុប្បន្ននេះ រហូតដល់ពេល 10 ឆ្នាំខាងមុខទៀត។ បើយោងតាមព័ត៌មានបរទេស CNBC បានចុះផ្សាយឲ្យដឹងថា Microsoft នឹងផ្គត់ផ្គង់វ៉ែនតា AR ជាមួយបច្ចេកវិទ្យា HoloLens ទៅដល់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងចំនួនរហូតដល់ទៅ 12 ម៉ឺនគ្រឿងឯណោះ។
ជាការពិតណាស់ វ៉ែនតា AR របស់ Microsoft នឹងក្លាយជាជំនួយការដល់ កងទ័ពសហរដ្ឋអាមេរិក នៅក្នុងសមរភូមិ ដោយផ្នែកផ្ទៃកញ្ចក់អេក្រង់ នៅលើឧបករណ៍ HoloLens គឺមានភ្ជាប់មកនូវត្រីវិស័យ សម្រាប់បង្ហាញទិសដៅ ទៅកាន់តំបន់ណាមួយ និងអាចធ្វើការបង្ហាញពីទីតាំង របស់កងទ័ពណាម្នាក់ ទៅឲ្យមិត្តកងទ័ពផ្សេងៗ ថែមទៀតផង។ លើសពីនេះ វាក៏អាចបង្ហាញជានិមិត្តសញ្ញា សំដៅទៅកាន់ទីតាំងណាមួយ ដែលកងទ័ពបានតម្រង់កាំភ្លើង ទៅកាន់ទីនោះតែម្ដង ដើម្បីជួយឲ្យបាញ់ចំត្រឹមត្រូវល្អ។
ចំណែកឯកញ្ចក់អេក្រង់នោះ គឺជាប្រភេទ FLIR ដូច្នេះ វ៉ែនតា HoloLens អាចជួយឲ្យកងទ័ពអាមេរិក មើលនៅពេលងងឹតបាន (Night Vision) និងអាចមើលឃើញសត្រូវបាន នៅក្នុងតំបន់ព្រៃ ហើយព្រមទាំងពេលមានផ្សែងច្រើន ជាដើម។ ចំពោះទឹកប្រាក់ដែល Microsoft ទទួលបានលើការផ្គត់ផ្គង់វ៉ែនតា AR របស់ខ្លួននេះ ត្រូវបានគេរាយការណ៍មកថាបានចំនួនខ្ទង់ 21.88 ពាន់លានដុល្លារ ជាមួយកិច្ចសន្យាផ្គត់ផ្គង់ 10 ឆ្នាំនោះ។