នៅក្នុងប្លុកឈ្មោះ KrebsonSecurity អ្នកជំនាញខាងសន្តិសុខព័ត៌មានវិទ្យា លោក Brian Krebs បានលម្អិតថា ស្ថាប័នជាង ៣ម៉ឺន នៅអាមេរិក ដែលមានដូចជា ក្រុមហ៊ុនខ្នាតតូច ទីក្រុង និងអាជ្ញាធរថ្នាក់មូលដ្ឋាន ដែលប្រើកម្មវិធីមែលរបស់ក្រុមហ៊ុន Microsoft បានរងការវាយប្រហារ ឈ្លានពានពីសំណាក់ចោរអ៊ីនធ័រនែតចិន។ តាមអ្នកជំនាញខាងលើ ក្រុមចោរអ៊ីនធ័រនែតចិន បានឆ្លៀតឱកាស យកចំណុចខ្សោយ ផ្នែកសន្តិសុខរបស់ក្រុមហ៊ុនMicrosoft ដើម្បីចូលទៅលួចយកទិន្នន័យ សារអេឡិចត្រូនិក ឬមែល និងបង្កប់កម្មវិធី សម្ងាត់របស់ខ្លួន ក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ដើម្បីអាចបញ្ជា ចូលប្រើពីចម្ងាយ។
កាលពី ថ្ងៃអង្គារ ក្រុមហ៊ុន Microsoft ធ្លាប់បានជូនដំណឹងពីការវាយប្រហារព័ត៌មានវិទ្យា ដែលជាស្នាដៃរបស់អង្គភាពចិន មួយ ឈ្មោះ Hafnium ដែលមានទីតាំងនៅប្រទេសចិន ប៉ុន្តែ ដែលប្រើម៉ាស៊ីន នៅទឹកដីអាមេរិក ធ្វើសកម្មភាព វាយប្រហារអ៊ីនធ័រនែត។ នៅថ្ងៃអង្គារដដែល Microsoft បានចេញកម្មវិធី Update ថ្មី និងបានជំរុញឲ្យគេអនុវត្តជាបន្ទាន់ ដើម្បី កែតម្រូវ ចំនុចខ្សោយ របស់កម្មវិធីមែល Exchange។ ប៉ុន្តែ តាមអ្នកជំនាញ សន្តិសុខ ព័ត៌មានវិទ្យា នៅក្រោយ Microsoft ចេញកម្មវិធីUpdate ថ្មី នៅថ្ងៃអង្គារ ក្រុមចោរអ៊ីនធ័រនែត បានបង្កើនសកម្មភាពរបស់ខ្លួនកាន់តែខ្លាំងក្លាជាងមុនទៅលើកុំព្យូទ័រ ដែលមិនទាន់ Update កម្មវិធីរបស់ Microsoft។
នៅថ្ងៃសុក្រ អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Jen Psaki អះអាងថា ការគំរាមកំហែងរបស់ចោរអ៊ីនធ័រនែត នៅតែសកម្មនៅឡើយ។ ដោយសង្កត់ធ្ងន់ថា ការវាយប្រហារលើកនេះ នឹងអាចជះឥទ្ធិពលអាក្រក់ និងអាចរីករាលដាល កាន់តែខ្លាំង អ្នកនាំពាក្យរបស់សេតវិមាន បានអំពាវនាវឲ្យស្ថាប័ននៅអាមេរិក ដែលរងការវាយប្រហាររបស់ចោរអ៊ីនធ័រនែត ប្រញាប់ចាត់វិធានការបន្ទាន់ ដើម្បីការពារខ្លួន។
នៅក្នុងរយៈពេលតែ ១ឆ្នាំ ក្រុមហ៊ុន Microsoft បានលើកឡើងពីការវាយប្រហារព័ត៌មានវិទ្យា ដល់ទៅ ៨លើក ដែលជាស្នាដៃរបស់ក្រុមចោរអ៊ីនធ័រនែត ដែលមានរដ្ឋអំណាច ចាំការពារគាំទ្រ ពីក្រោយ។ តាម Microsoft នេះជាលើកទី២ ដែលក្រុមចោរអ៊ីនធ័រនែត ចិន ឈ្មោះ Hafniumវាយប្រហារលើស្ថាប័នក្នុងទឹកដីអាមេរិក។ នៅក្នុងការវាយប្រហារលើកមុន ក្រុមចោរអ៊ីនធ័រនែតចិន Hafnium ដែល Microsoft ចាត់ទុកជាក្រុមចោរដ៏ពូកែ ជំនាញខ្លាំង ធ្លាប់បានវាយប្រហារ ក្រុមហ៊ុន ស្ថាប័ន ដែលមានទីតាំងនៅទឹកដីអាមេរិក ដែលមានតាំងពីវិទ្យាស្ថានស្រាវជ្រាវជំងឺឆ្លង ក្រុមហ៊ុនច្បាប់ សកលវិទ្យាល័យ ក្រុមហ៊ុនដែលធ្វើការជាមួយក្រសួងការពារអាមេរិក ឬអង្គការសង្គមស៊ីវិលជាដើម។
នៅថ្ងៃ អង្គារ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបានបដិសេធជាថ្មីថា រដ្ឋាភិបាលចិន មិនមែនជាអ្នកនៅពីក្រោយការវាយប្រហារ អ៊ីនធ័រនែត ដូចការលើកឡើងរបស់ក្រុមហ៊ុន Microsoft នោះទេ។ នៅឆ្នាំមុន ចិនបានចោទប្រកាន់អាមេរិកថា បានបរិហាកេរ្តិ៍ឈ្មោះបន្ទាប់ពី វ៉ាស៊ីនតោន លើកឡើងថា ចោរអ៊ីនធ័រនែតចិន បានព្យាយាមចូលលួច យកទិន្នន័យនៃការស្រាវជ្រាវស្តីពីមេរោគកូរ៉ូណា៕