ទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ដែលជាបណ្ដាញសង្គមដ៏ល្បីល្បាញ ត្រូវបានលេចធ្លាយលើអ៊ីនធើណេត។ លើកនេះ របាយការណ៍បានចុះផ្សាយថា វាមានចំនួនរហូតទៅដល់ខ្ទង់ 533 លាននាក់ ប៉ុន្ដែត្រូវបានក្រុមហ៊ុន Facebook បដិសេធជាផ្លូវការហើយ និងនិយាយបញ្ជាក់ថា ពួកវាគ្រាន់តែជាទិន្នន័យលេចធ្លាយចាស់ៗ កាលពីអំឡុងឆ្នាំ 2019 កន្លងទៅនោះទេ។
ទិន្នន័យរបស់អុ្នកប្រើប្រាស់ Facebook ទាំងអស់នោះ រួមមានបញ្ចូលទាំង ឈ្មោះពេញ, ថ្ងៃខែឆ្នាំកំណើត, ទីតាំង, អ៊ីមែល, ភេទ និងលេខទូរសព្ទ ជាដើម។ ចំណែកឯទិន្នន័យសរុបចំនួន 533 លាននាក់ ត្រូវបានលេចចេញមកពី 106 ប្រទេសជុំវិញពិភពលោក គឺមានដូចជាខ្ទង់ 32 លាននាក់ នៅក្នុងសហរដ្ឋអាមេរិក, ខ្ទង់ 11 លាននាក់ នៅក្នុងតំបន់អឺរ៉ុប និងខ្ទង់ 6 លាននាក់ នៅក្នុងប្រទេសឥណ្ឌា។ ទោះបីជាយ៉ាងណាក៏ដោយ ហាក់បីដូចជា បានជម្រាបប្រាប់នៅខាងអ៊ីចឹង ដោយក្រុមហ៊ុន Facebook បានលើកឡើងមកថា ពួកវាជាទិន្នន័យចាស់ ដែលត្រូវបានគេលួច Hack យកតាំងពីឆ្នាំ 2019 ហើយត្រូវបានដោះស្រាយរួចរាល់ នៅក្នុងអំឡុងពេលនោះដូចគ្នា។
កាលពីពេលមុនៗមក គោលបំណងរបស់អ្នកចែកចាយ ទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook ទាំងអស់នោះ គឺដើម្បីដោះដូរជាមួយទឹកប្រាក់ សម្រាប់លេខទូរសព្ទផងដែរ ដោយឡែក នៅក្នុងពេលបច្ចុប្បន្ននេះ សំណុំទិន្នន័យទាំងនោះ ត្រូវបានចែករំលែកលើអ៊ីនធើណេត ដោយឥតគិតថ្លៃតែម្ដង។