នៅសល់រយៈពេលប្រហែលជា 4 ខែជាងទៀត នឹងដល់ខួបគម្រប់ 10 ឆ្នាំនៃការឡើងកាន់តំណែងជានាយកប្រតិបត្តិ Apple របស់លោក Tim Cook ហើយ។ និយាយពីលោក Tim Cook កាលពីពេលថ្មីនេះ គាត់បាននិយាយថា គាត់មិនរំពឹងថាគាត់នឹងធ្វើការនៅក្រុមហ៊ុន Apple ទៀតនោះទេ សម្រាប់ 10 ឆ្នាំទៅមុខទៀត ប៉ុន្តែខណៈពេលនេះ គាត់មិនទាន់មានគម្រោងក្នុងការលាលែងពីតំណែងនៅឡើយនោះទេ។
តាមរយៈបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន New York Times ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ អ្នកស្រី Kara Swisher បានសួរទៅកាន់លោក Tim Cook ថា តើគាត់នឹងធ្វើការនៅក្រុមហ៊ុន Apple ទៀតទេ សម្រាប់ 10 ឆ្នាំទៅមុខទៀត ? ជាមួយគ្នានោះដែរ លោក Tim Cook បានឆ្លើយតបទៅកាន់អ្នកស្រី Kara Swisher ថា គាត់ប្រហែលជាអាចនឹងមិននៅដឹកនាំក្រុមហ៊ុន Apple ទៀតនោះទេ សម្រាប់ 10 ឆ្នាំទៅមុខទៀត ប៉ុន្តែខណៈពេលនេះ គាត់មានអារម្មណ៍ល្អចំពោះការងាររបស់គាត់ខ្លំាងណាស់។ ដូច្នេះហើយគាត់មិនទាន់មានគម្រោង ឬកាលបរិច្ឆេទច្បាស់លាស់ណាមួយ ក្នុងការលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Apple នៅឡើយនោះទេ។
អ្នកស្រី Kara Swisher ក៏បានសួរលោក Tim Cook ទៀតថា តើគាត់នឹងមានគម្រោងធ្វើអ្វីខ្លះ បន្ទាប់ពីគាត់ចាកចេញពីក្រុមហ៊ុន Apple ? ជាមួយគ្នានោះដែរ លោក Tim Cook បានឆ្លើយតបថា គាត់មិនទាន់ដឹងនោះទេ ព្រោះគាត់ស្រលាញ់ក្រុមហ៊ុន Apple ណាស់ ដូច្នេះហើយ គាត់ពិបាកនឹងស្រមៃណាស់ថា ជីវិតរបស់គាត់នឹងទៅជាយ៉ាងណា នៅពេលដែលគាត់ចាកចេញពីក្រុមហ៊ុនមួយនេះ។ គួរបញ្ជាក់ផងថា ក្នុងពេលបច្ចុប្បន្ននេះ លោក Tim Cook មានអាយុ 60 ឆ្នាំ ហើយគាត់បានចូលធ្វើការនៅក្នុងក្រុមហ៊ុន Apple តាំងពីឆ្នាំ 1997 មកម៉េ្លះ ក៏ដូចជាបានឡើងកាន់តំណែងជានាយកប្រតិបត្តិរបស់ Apple ជាផ្លូវការ កាលពីថ្ងៃទី 24 ខែសីហា ឆ្នាំ 2011 កន្លងទៅ។