ចិន ពិន័យ​ក្រុមហ៊ុនអាលីបាបា ជិត​៣ទ្រីលានអឺរ៉ូ

0

ក្រុមហ៊ុន​យក្ស​ផ្នែក​អ៊ីនធ័រនែត អាលីបាបា ដែល​ជាប់​លំដាប់​លេខ​មួយ​ខាង​​លក់​ទំនិញ​តាម​អនឡាញ​ ត្រូវ​រង​ពិន័យ ជា​ទឹក​ប្រាក់​ចំនួន ២,៧៨ពាន់​លាន​អឺរ៉ូ​ ពីបទ​រំលោភ​ច្បាប់​​ប្រកួត​ប្រជែងពាណិជ្ជកម្ម។ នេះ​បើ​តាម​ការិយាល័យ​គ្រប់គ្រង​ទីផ្សារ​ហិរញ្ញវត្ថុចិន។

ជា​ការ​ផាក​ពិន័យ​ដ៏​សម្បើម​បំផុត​មួយ​ សម្រាប់​ក្រុមហ៊ុន​អាលីបាបា ! ទំហំ​នៃ​ប្រាក់​ពិន័យ​ស្មើ​៤%​នៃ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ ក្នុង​ឆ្នាំ​២០១៩។ ហើយ​ការ​ពិន័យ​នេះ ​ជា​លទ្ធផលនៃ​ការ​អង្កេត​​​តាំង​ពី​ខែ​ធ្នូឆ្នាំ​២០២០​មក។ បើតាម​ភ្នាក់ងារ​គ្រប់គ្រង​ទីផ្សា​មូលប័ត្រ​ចិន អាលីបាបា ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​​ Hangzhou ខេត្ត​​ភាគខាង​ត្បូង​ចិន បានរំលោភ​​ច្បាប់​ប្រកួត​ប្រជែង ដោយ​បង្ខំ​ឱ្យពាណិជ្ជករ​លក់​ទំនិញ​របស់​ពួក​គេ​ដោយ​ផ្តាច់​មុខ​ នៅ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត​អាលីបាបា​​ និង​មិន​អាច​ប្រើ​ប្រព័ន្ធ​វេបសាយ​ជា​គូរប្រជែង​ផ្សេ​ង​ទៀតបានទេ។ ទង្វើ​ដែល​កំរិត​ការ​ប្រកួតប្រជែង និង​ប៉ះពាល់​ដល់​សិទ្ធិ​ក្រុមហ៊ុន​ ព្រមទាំង​អ្នកទិញនេះ​ត្រូវ​បាន​ក្រុមហ៊ុន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១៥​មក។ នេះ​បើ​តាម​ការ​លម្អិត​របស់​ស្ថាប័ន​គ្រប់គ្រង​ទីផ្សារ​មូលប័ត្រ​ចិន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ ក្រុមហ៊ុនអាលីបាបា បាន​ប្រកាស​ព្រមទទួល​យក​ទណ្ឌកម្ម​នេះ និងបង់​ពិន័យ​ តាមការកំណត់។ ក្រុមហ៊ុន​ថែម​ទាំង​បាន​ប្រកាស​សន្យា​​សម្របការ​រកស៊ី​តាម​ច្បាប់ ព្រមទាំង​ធ្វើ​ខ្លួន​​ឱ្យ​មានទំនួល​ខុស​ត្រូវ​ក្នុង​សង្គម​បាន​ខ្ពស់ទៀត។

សូម​បញ្ជាក់​ថា តាំង​តែ​ពី​ខែ​តុលា២០២០មក ក្រោយ​ពី​លោក ហ្សាក់ ម៉ា ស្ថាបនិកក្រុមហ៊ុន​អាលីបាបា បាន​រិះគន់​ដោយ​ចំហ​ ស្ថាប័ន​គ្រប់គ្រង​មូល​ប័ត្រ​ចិន​មក អាលីបាបា បានក្លាយ​ជា​ទិសដៅ​នៃ​ការ​វាយប្រហារ​របស់​អាជ្ញាធរ​ចិន។ ហើយ​​នៅ​​ទី​បំផុត​ ​គឺ​​ស្ថាប័ន​គ្រប់គ្រងទីផ្សារ​មូលប័ត្រ​នេះ​តែ​ម្តងជា​អ្នកសម្រេច​អំពី​ទំហំ​នៃ​ទឹក​ប្រាក់​ពិន័យ។

តាមការពិត​ប៉េកាំង​បានដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​អាលីបាបា​ជា​ច្រើន​មក​ហើយ​។ ប៉េកាំង​បាន​​បិទ​ខ្ទប់​មិន​ឱ្យ​អាលីបាបា​​ ​​មាន​ចំណែក​ក្នុងភាគ​ហ៊ុនរបស់​ក្រុម Ant Group ជើងឯក​ពិភពលោក​ផ្នែក​បង់ប្រាក់តាមប្រព័ន្ធ​​អេឡិចត្រូនិក ដែល​នឹងក្លាយ​ទៅ​ជា​ក្រុមហ៊ុន​បង់ប្រាក់​តាម​ប្រព័ន្ធ អេឡិចត្រូនិក​ដ៏​ធំ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ។ ដើម្បី​ទប់​ ឥទ្ធិពល​របស់​អាលីបាបា ដែល​ឡើងខ្លាំង​ជ្រុល និង​ដាក់​វិស័យ​អ៊ីនធ័រនែត​ទាំង​មូល​ ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងតែង ​បក្ស​កុម្មុយនិស្ត​ចិនបាន​​តម្រែតម្រង់​ក្រុមហ៊ុន​ឱ្យ​ផ្តោត​លើ​របរ​ពាណិជ្ជកម្ម​តែមួយ​។ បើ​តាមWall Street Journal ​ ប៉េកាំង​ទំនង​ជា​បានដាក់​គំនាប​ឱ្យ​អាលីបាបា​ កុំ​លូក​ដៃ​ក្នុង​ប្រព័ន្ធ​ឃោសនាព័ត៌មាន ដូច​ជា​ឈប់​គាំទ្រ​កាសែតSouth China Morning Post ​​ ជា​ភាសាអង់គ្លេស​ដែល​តែង​តែ​រិះគន់​របប​កុម្មុយនិស្ត​ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here