Sony បានធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្លេង 360 Reality Audio និងបានប្រើប្រាស់នៅលើផលិតជាច្រើនរបស់ខ្លួន អស់រយៈពេលជាយូរដែរហើយ ដោយបច្ចេកវិទ្យានេះ គឺបានផ្អែកលើ MPEG-H 3D Audio Codec ផងដែរ។ សម្រាប់ទូរសព្ទឆ្លាត បច្ចេកវិទ្យាសម្លេងនោះឃើញថា មានតែនៅលើម៉ូឌែលមួយចំនួនតូចរបស់ Sony ប៉ុណ្ណោះ ហើយក៏មិនអាចដំណើរការបានទូទៅដែរ ពោលគឺដំណើរការអាស្រ័យលើ កម្មវិធីដែលអាចគាំទ្របានដូចគ្នា ប៉ុន្តែនៅពេលខាងមុខ យើងអាចនឹងឃើញបច្ចេកវិទ្យានោះទូលំទូលាយជាងមុន ព្រោះ Google កំពុងតែនាំយកមកកាន់ Android ទាំងមូលហើយ។
ថ្មីៗនេះ គេបានប្រទះឃើញប្រភពកូដមួយក្នុង Android Open Source Project ដោយមានបញ្ជាក់ឈ្មោះថា 360 Reality Audio ដោយកូដរបស់វាត្រូវបានបញ្ជូនមកពីក្រុមអ្នកអភិវឌ្ឍរបស់ Sony ផង និង Google ផង។ នៅក្នុងនោះគេក៏ឃើញថា មានការដាក់ឲ្យគាំទ្រ MPEG-H 3D ទៅកាន់ MPEG4Extractor របស់ Android ព្រមទាំងមានកូដមួយចំនួនផ្សេងទៀត គឺមានការបញ្ជាក់ច្បាស់ថា សម្រាប់បច្ចេកវិទ្យា 360 Reality Audio របស់ Sony តែម្ដង។ មិនត្រឹមតែប៉ុណ្ណឹងទេ គេក៏បានឃើញមានការ Comment នៅលើ Code Reviews ពីសំណាក់បុគ្គលម្នាក់ឈ្មោះថា Kei Murayama ត្រូវបានស្គាល់ថាជា Software Engineer របស់ Sony ទៀតផង ហេតុនេះអាចបញ្ជាក់កាន់តែច្បាស់ថែមទៀត ពីការសហការគ្នារវាង Google និង Sony ទាក់ទងនឹងបច្ចេកវិទ្យាសម្លេង 360 Reality Audio នេះ។
សព្វថ្ងៃនេះបច្ចេកវិទ្យាសម្លេង 360 Reality Audio របស់ Sony គឺអាចដំណើរការបានអាស្រ័យតាមកម្មវិធីដែលគាំទ្របានប៉ុណ្ណោះ ជាក់ស្ដែងបើតាមវេបសាយរបស់ Sony គឺមានតែកម្មវិធីស្ដាប់តន្ត្រីមួយចំនួនតូចទេ អាចគាំទ្របាន មានដូចជា Amazon Music HD ជាដើម។ យ៉ាងណាក៏ដោយ ការសហការរបស់ Google និង Sony ដើម្បីនាំយកបច្ចេកវិទ្យាសម្លេងខាងលើនេះមកកាន់ Android គឺនឹងធ្វើឲ្យមានការកែប្រែ ព្រោះថាបច្ចេកវិទ្យានោះ នឹងកាន់តែទូលំទូលាយជាងមុនថែមទៀត ហើយយើងក៏សង្ឃឹមថា វានឹងមកដល់នៅលើ Android 12 ជំនាន់ក្រោយនេះទៅចុះ។