ក្រុមហ៊ុន Huawei របស់​ចិន​គ្រោង​នឹង​បើក​ដំណើរការ​បណ្តាញ 6G នៅ​ឆ្នាំ ២០៣០

0

ខណៈពេលដែល​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​ចាប់ផ្តើម​ទទួលយក​នូវ​បច្ចេកវិទ្យា 5G នោះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Huawei បានបង្ហាញ​អំពី​ផែនការ​ទៅលើ​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ទៀតហើយ។ យោងតាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បានអោយដឹងថា ផែនការ​នេះ​ត្រូវបាន​បង្ហាញ​ដោយ​អគ្គនាយក​របស់​ក្រុមហ៊ុន​នេះ​គឺ​លោក Xu Zhijun នៅក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង Shenzhen កាលពីដើម​សប្តាហ៍​នេះ។ លោក​និយាយថា​បណ្តាញ 6G នឹង​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​ក្នុង​រយៈពេល​តិចជាង ១០ ឆ្នាំ​ទៀត។ បច្ចេកវិទ្យា​នេះ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ ២០៣០ ។

ក្រុមហ៊ុន Huawei បាន​ប្តេជ្ញា​ថា​នឹង​ចេញផ្សាយ​ក្រដាស​ស (White Paper) ដែល​ពន្យល់​ពី​ចក្ខុវិស័យ​របស់ខ្លួន​ស​ម្រា​ប់​ការអភិវឌ្ឍ​បណ្តាញ​ជំនាន់​ក្រោយ​នាពេល​អនាគត​នេះ។ ខណៈ​ព័ត៌មាន​លម្អិត​អំពី​បច្ចេកវិទ្យា​នេះ​កម្រ​ចែកចាយ​ណាស់ សារព័ត៌មាន CGTN របស់​ចិន​បាន​រាយការណ៍​ថា បណ្តាញ 6G អាច​លឿន​ជាង​បច្ចេកវិទ្យា​របស់ 5G ដល់​ទៅ 50 ដង។ សម្រាប់​បណ្តាញ 5G អនុញ្ញាតឱ្យ​ផ្ទេរ​ទិន្នន័យ​រហូតដល់ 20 ជី​ហ្គា​បៃ​ក្នុង​មួយ​វិនាទី​ខណៈពេលដែល​បណ្តាញ 6G អាចឈាន​ដល់ 1,000 ជីកា​បៃ​ក្នុង​មួយ​វិនាទី។ ខណៈពេលដែល​បច្ចេកវិទ្យា​នេះ​ពិតជា​អាចឱ្យ​អ្នកប្រើប្រាស់​ទាញយកអ្វីៗគ្រប់យ៉ាង​ពី​កម្មវិធី Apps រហូតដល់​ទៅ​វីដេអូ​កាន់តែ​លឿន​ជាង​មុន​នោះ បច្ចេកវិទ្យា 6G នេះ​ក៏​អាច​អនុញ្ញាតឱ្យ​ប្រើប្រាស់​អ៊ី​ន​ធឺរ​ណិ​ត​ក្នុង​ចលនា​ល្បឿន​លឿន​ដូច​យន្តហោះ​ថែមទៀត។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Huawei គឺជា​មេដឹកនាំ​ឈានមុខ​គេ​មួយ​ក្នុងការ​អភិវឌ្ឍន៍​ទៅលើ​បច្ចេកវិទ្យា 5G ប៉ុន្តែ​ប្រទេស​មួយចំនួន​បានសំរេច​ចិត្ត​រឹតត្បិត​ការប្រើប្រាស់​ឧបករណ៍​របស់​ក្រុមហ៊ុន​នៅពេល​មាន​សម្ពាធ​ជាច្រើន​ពី​សហរដ្ឋអាមេរិក។ នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​បាន​បង្ហាញថា​ខ្លួន​បានចាប់ផ្តើម​ធ្វើការ​នៅលើ​បណ្តាញ 6G ជា“ យូរ​មកហើយ” ។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei លោក Ren Zhengfei បាន​និយាយថា​បច្ចេកវិទ្យា​នៅតែ​ស្ថិតក្នុង​តំណាក់កាល​ដំបូង​នៅឡើយ​ទេ ប៉ុន្តែ​នៅក្នុងពេល​មិន​ដល់ ១០ ឆ្នាំ​ទៀត​នោះ​ទេវា​នឹង​ក្លាយជា​ការពិត៕

សម្រួល៖ សុ​ផា

LEAVE A REPLY

Please enter your comment!
Please enter your name here