ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺរណិតនៅក្រុមហ៊ុន FireEye បានធ្វើការព្រមានថា ពួកគេរកឃើញក្រុមហេគឃ័រចំនួន០២ក្រុម ហើយអ្នកវិភាគអះអាថា ក្រុមហេគឃ័រមួយក្រុមមានជាប់ទំនាក់ទំនងជាមួយនឹងប្រទេសចិន។
ជំនាញខាងសន្តិសុខតាមអ៊ីនធឺរណិតបានអះអាងថា កម្មវិធី VPN គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ជាច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះវាក៏ជាផ្នែកដ៏សំខាន់មួយរបស់អង្គភាពនានា ឬក្រុមហ៊ុនផងដែរ។
អ្នកស្រាវជ្រាវផ្នែកសន្តិសុខបញ្ជាក់បន្ថែមថា ភ្នាក់ងារគម្រាមកំហែងកំពុងប្រើប្រាស់វិធីងាយរងគ្រោះ zero-day ក្នុងបណ្តាញឯកជននិម្មិត (VPN) នៅក្នុងកម្មវិធី Pulse Secure។ ក្រុមហេគឃ័របានប្រើភាពងាយរងគ្រោះដើម្បីជ្រៀតចូលទៅក្នុងប្រព័ន្ធរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បណ្តាញឯកជន និងអង្គការហិរញ្ញវត្ថុតាំងពីឆ្នាំមុន ដែលនោះជាមូលហេតុនាំឲ្យអ្នកស្រាវជ្រាវធ្វើការព្យាយាមអស់ពីសមត្ថភាពដើម្បីជៀសផុតពីការគម្រាមកំហែងបែបនេះ។
យោងទៅតាមប្រភពអ្នកជំនាញខាងផ្នែកសន្តិសុខតាមអ៊ីនធឺរណិតបានឲ្យដឹងថា រាល់ស្ថាប័នទាំងអស់គួរតែប្រើប្រាស់ Pulse Secure កំណែថ្មី ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដើម្បីធានាឲ្យបាននូវសុវត្ថិភាព៕