នៅថ្ងៃចន្ទ ទី ២៦ ខែមេសានេះ ហេ្វសប៊ុកបានលុបចោលនូវទំព័រ (Page) របស់សមាជិកសភាអូស្រា្តលីលោក Craig Kelly ដោយសារតែកំហុសឆ្គងដដែលៗក្នុងការចែករំលែកនូវព័ត៌មានក្លែងក្លាយអំពីកូវីដ ១៩ ។ ក្រុមហ៊ុនហេ្វសប៊ុកបញ្ជាក់ថា ខ្លួនបានលុបចោលនូវទំព័រ (Page) របស់លោក Kelly ជាផ្លូវការបន្ទាប់ពីសមាជិករូបនេះបង្ករនូវកំហុសដដែល និងមិនគោរពតាមគោលការណ៍ (Policies) របស់ក្រុមហ៊ុន។
តាមការទាញទិន្នន័យពី CrowdTangle អោយដឹងថា ទំព័រហ្វេសប៊ុក (Facebook Page) របស់លោក Kelly គឺមានអ្នកទស្សនាវីដេអូដល់ទៅជាង 6 លានដង និងអ្នកចូលមើលជាង 5 លាននាក់នៅក្នុងឆ្នាំ 2020 ។ មុនពេលដែលទំព័ររបស់លោកត្រូវបានលុបចោលនោះ ហ្វេសប៊ុកបានព្រមានលោកជាច្រើនលើកអំពីការចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធទៅនឹងកូវីដ ១៩ ហើយហ្វេសប៊ុកក៏ធ្វើការលុបនូវការបង្ហោះ (Posts) ជាច្រើនផងដែរ។
ដូចនេះ សូមមានការប្រុងប្រយ័ត្នមុននឹងធ្វើការចែករំលែកព័ត៌មានណាមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រោះប្រសិនបើអ្នកធ្វើខុសទៅលើគោលការណ៍ (Policies) ដែលក្រុមហ៊ុនបានកំណត់នោះ ទំព័រ (Page) របស់អ្នកនឹងអាចត្រូវបានលុបចោលជាក់ជាមិនខាន៕