ក្រុមហ៊ុនផ្តល់សេវាតាមអ៊ីនធឺរណិត Cloud DigitalOcean រងការបំពានទិន្នន័យ ទាក់ទងនឹងវិក័យប័ត្ររបស់អតិថិជន។
អ៊ីម៉េលជូនដំណឹងផ្ញើទៅកាន់អតិថិជនរងផលប៉ះពាល់របស់ក្រុមហ៊ុន DigitalOcean បង្ហាញថាមានគុណវិបត្តិមួយបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលពុំមានសិទ្ធចូលមើលព័ត៌មានលម្អិតវិក័យប័ត្ររបស់អតិថិជនក្រុមហ៊ុន DigitalOcean នៅចន្លោះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ ។ ក្នុងការជូនដំណឹងតាមអ៊ីម៉េលដដែលក៏បានបញ្ជាក់ផងដែរថា ព័ត៌មានដែលបង្ហាញជាសារធារណៈរួមមានឈ្មោះវិក័យប័ត្ររបស់អតិថិជន អាសយដ្ឋាន វិក័យប័ត្រ ការផុតកំណត់កាតទូទាត់ កាតឥណទាន លេខ៤ខ្ទង់ចុងក្រោយ និងឈ្មោះធនាគារកាតទូទាត់។
ក្រុមហ៊ុន DigitalOcean បញ្ជាក់ថា ពួកគេបានដោះស្រាយកំហុស និងបង្ហាញពីការបំពាននោះទៅដល់អាជ្ញាធរការពារទិន្នន័យរួចហើយ ដោយក្រុមហ៊ុនបញ្ជាក់ថា កំហុសនោះបានបង្កប៉ះពាល់ដល់វិក័យប័ត្រចំនួន១ភាគរយប៉ុណ្ណោះនៃវិក័យប័ត្រសរុប។យ៉ាងណាមិញ គេមិនទាន់ដឹងថា អាជ្ញាធរណាខ្លះទទួលបានដំណឹងនេះទេ។
គួររំលឹកផងដែរថា នេះពុំមែនជាលើកទីមួយនោះទេដែលក្រុមហ៊ុន DigitalOcean រងការបំពានទិន្ន័យរបស់អតិថិជនតាមរយៈតំណសារធារណៈ ដោយសារតែឆ្នាំមុនក៏ធ្លាប់មានករណីនេះកើតឡើងផងដែរ។
ភ្នាក់ងារព័ត៌មានបានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន DigitalOcean ដើម្បីសាកសួរព័ត៌មានបន្ថែម ប៉ុន្តែពុំទាន់ទទួលបានការឆ្លើយតបមកវិញនោះទេ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១