ការចំណាយរបស់ប្រទេសចិនលើព័ត៌មានបច្ចេកវិទ្យា (IT) នឹងកើនឡើង ១០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយបច្ចុប្បន្នបានកើនដល់ជាង ២,២១ពាន់ពាន់លានយ័ន (ប្រហែល ៣៤៦,១ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២១ នេះបើយោងតាមរបាយការណ៍ឧស្សាហកម្មមួយ។
របាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ International Data Corporation (IDC) បានឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ COVID-១៩ បានជំរុញឲ្យសេដ្ឋកិច្ចតាមអ៊ីនធឺរណិតមានការកើនឡើង និងជំរុញឲ្យមានការអភិវឌ្ឍបន្ថែមលើវិស័យឱសថ និងការអប់រំនានាតាមទូរស័ព្ទនៅក្នុងប្រទេសចិន។
IDC បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានចាប់ផ្តើមអនុវត្តផែនការ ៥ឆ្នាំលើកទី ១៤របស់ខ្លួននៅក្នុងឆ្នាំនេះ ដែលនឹងជំរុញឲ្យមានកំណើននៃការចំណាយរបស់ប្រទេសចិនទៅលើបច្ចេកវិទ្យានៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ទិន្នន័យនៅក្នុងរបាយការណ៍បានបង្ហាញថា តំបន់ដីសណ្តទន្លេយ៉ាងសេ (Yangtze) ដែលមានខេត្តចឺជាំង ខេត្តជាំងស៊ូ និងខេត្តអានហួយក៏ដូចជាទីក្រុងសៀងហៃ នឹងចំណាយលើបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់ពួកគេច្រើនជាង ៥១៨ពាន់លានយ័ននៅឆ្នាំ២០២១៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១