ក្រុមហ៊ុន Microsoft និយាយថា ពួកគេបានរកឃើញការវាយប្រហារថ្មីធ្វើឡើងដោយក្រុមហេគឃ័រ Nobelium ដែលក្រុមហេគឃ័រនោះទទួលបានការឧបត្ថម្ភពីរដ្ឋរុស្ស៊ី។ ការវាយប្រហារក៏រាប់បញ្ចូលទាំងការវាយប្រហារលើកុំព្យូទ័រភ្នាក់ងារជំនួយដល់អតិថិជនរបស់ក្រុមហ៊ុន Microsoft ដោយបានលាតត្រដាងព័ត៌មានអំពីការជាវរបស់អតិថិជនជាច្រើន។
ក្រុមហេគឃ័រ Nobelium គឺជាឈ្មោះដែលក្រុមហ៊ុន Microsoft ហៅដោយសំដៅដល់ក្រុមហេគឃ័រ ដែលទទួលបានការឧបត្ថម្ភពីរដ្ឋ ហើយគេជឿថា ក្រុមនេះកំពុងតែធ្វើប្រតិបត្តិការនៅក្រៅប្រទេសរុស្ស៊ី និងទទួលខុសត្រូវចំពោះការវាយប្រហារលើខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យ។
ការចុះផ្សាយ blog ថ្មីមួយនៅយប់ថ្ងៃសុក្រ ក្រុមហ៊ុន Microsoft បាននិយាយថា ក្រុមហេគឃ័របានធ្វើការវាយប្រហារដោយប្រើវិធីសាស្ត្រ Password spray និងវិធីសាស្ត្រ brute-force ដើម្បីអាចទទួលបាននូវបណ្តាញសាជីវកម្ម។
វិធីសាស្ត្រវាយប្រហារ Password spray និងវិធីសាស្ត្រ brute-force គឺមានលក្ខណៈប្រហាក់ប្រហែលគ្នា ដោយវិធីសាស្ត្រទាំងពីរនេះធ្វើឡើងដើម្បីទាញយកគណនីដោយគ្មានការអនុញ្ញាតិលើអនឡាញតាមរយៈការទាយលេខសម្ងាត់។
ទោះយ៉ាងណា វិធីសាស្ត្រវាយប្រហារ Password spray ព្យាយាមប្រើពាក្យសម្ងាត់ដូចគ្នានៅលើគណនីជាច្រើនក្នុងពេលដំណាលគ្នាដើម្បីគេចពីការការពារ។ ប៉ុន្តែសម្រាប់វិធីសាស្ត្រ brute-force វិញកំណត់គោលដៅគណនីតែមួយម្តងហើយម្តងទៀតជាមួយនឹងការប៉ុនប៉ងពាក្យសម្ងាត់ខុសៗគ្នា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១