ក្រោយពីបានធ្វើការត្រួតពិនិត្យមើលលើហេតុការណ៍បញ្ហាសុវត្ថិភាពជាច្រើន ជាមួយនឹងគោលបំណងផ្តល់នូវសុវត្ថិភាពលើបណ្តាញរបស់ខ្លួនឲ្យកាន់តែប្រសើរ និងពង្រីកសក្តានុពលនៃផលិតផលរបស់ខ្លួនផងដែរនោះ ទីបំផុតក្រុមហ៊ុន Microsoft បានសម្រេចចិត្តទិញក្រុមហ៊ុនផលិតកម្មវិធីសុវត្ថិភាពមួយឈ្មោះថា RiskIQ ។
នៅថ្ងៃចន្ទ ក្រុមហ៊ុន Microsoft បានប្រកាសពីកិច្ចព្រមព្រៀងទិញនៅលើប្លក់(Blog)ផ្លូវការរបស់ខ្លួន ប៉ុន្តែពួកគេមិនបានបង្ហាញលម្អិតពីលក្ខខណ្ឌណាមួយនោះទេ។ ក្រុមហ៊ុន Microsoft ចំណាយជាសាច់ប្រាក់ចំនួន ៥០០លានសម្រាប់ម្ចាស់ក្រុមហ៊ុន RiskIQ ។
RiskIQ គឺជាក្រុមហ៊ុនសន្តិសុខមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ហើយក្រុមហ៊ុននេះបានដាក់ឲ្យកម្មវិធី (software) ដំណើរការលើប្រព័ន្ធបច្ចេកវិទ្យា Cloud និងលើឧបករណ៍នានាដើម្បីអាចរកឃើញនូវការគំរាមកំហែងផ្នែកសុវត្ថិភាពផ្សេងៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននេះថែមទាំងអនុញ្ញាតឱ្យអតិថិជន និងបណ្តាញក្រុមហ៊ុនផ្សេងៗយល់ពីរបៀប និងស្គាល់ពីទីតាំងណាមួយដែលជាចំណុចងាយរងគ្រោះពីការគំរាមកំហែងពីខាងក្រៅថែមទៀតផង។
ជាក់ស្តែងសម្រាប់ពេលនេះក្រុមហ៊ុន Microsoft បានបដិសេធមិនបង្ហាញព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងលក្ខខណ្ឌហិរញ្ញវត្ថុនៃការទិញក្រុមហ៊ុននោះទេ។ ប៉ុន្តែយោងតាមរបាយការណ៍ផ្ទៃក្នុងបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Microsoft បានចំណាយជាសាច់ប្រាក់សុទ្ធចំនួន ៥០០លានដុល្លារដើម្បីបញ្ចប់ការទិញក្រុមហ៊ុន RiskIQ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១