បូលិសតៃវ៉ាន់អះអាងនៅថ្ងៃពុធនេះថា ពួកគេចាប់ផ្តើមធ្វើការស៊ើបអង្កេតលើគណនីកម្មវិធីផ្ញើសារជាង ១០០គណនី ដែលប្រើប្រាស់ដោយមន្ត្រីជាន់ខ្ពស់។ ការស៊ើបអង្កេតធ្វើឡើងដោយសារតែកម្មវិធីផ្ញើសារនោះត្រូវបានគេហេគចូលក្រោយពីក្រុមហ៊ុន LINE បានបញ្ជាក់ថា ក្រុមហ៊ុនបានរកឃើញសកម្មភាពមិនប្រក្រតី។
ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មនៅទីក្រុងតៃប៉ិបានបើកការស៊ើបអង្កេត ក្រោយក្រុមហ៊ុន LINE ដែលជាក្រុមហ៊ុនកម្មវិធីផ្ញើសារបានរាយការណ៍ជាផ្លូវការនូវការព្រួយបារម្ភថាគណនីមួយចំនួនត្រូវបានគេហេគចូល។ ទោះយ៉ាងណាអាជ្ញាធរមិនបានផ្តល់ព័ត៌មានបន្ថែមអំពីការចោទប្រកាន់លើការហេគនេះទេ។
កាសែតជាតិ Liberty Times របស់តៃវ៉ាន់បានបញ្ជាក់ឲ្យដឹងថា គណនីច្រើនជាងចំនួន ១០០គណនី ដែលជាកម្មសិទ្ធិរបស់មន្ត្រីជាន់ខ្ពស់ រងការប៉ះពាល់រួមមានមន្រ្តីនៅក្នុងមានទាំងការិយាល័យប្រធានាធិបតី គណៈរដ្ឋមន្រ្តី សមាជិកយោធា និងសមាជិកសភា។
ដើម្បីដោះស្រាយស្ថានការណ៍នេះ ក្រុមហ៊ុន LINE បានប្រកាសថា ក្រុមហ៊ុនបានចាត់វិធានការចាំបាច់ដើម្បីការពារអ្នកប្រើប្រាស់នៅពេលមានសកម្មភាពគណនីមិនប្រក្រតីត្រូវបានរកឃើញ ហើយនឹងបន្តចាត់វិធានការណ៍ឆ្លើយតបចាំបាច់ផ្សេងទៀត។ ក្រុមហ៊ុន LINE ថែមទាំងបានជូនដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់តៃវ៉ាន់ពីការបំពាននេះផងដែរ។ ទោះយ៉ាងណា អង្គភាព NSC អេសអេសអេសមិនបានអត្ថាធិប្បាយជាសាធារណៈលើបញ្ហានេះទេ។
ភ្នាក់ងារសន្តិសុខតាមអ៊ីនធឺរណិតរបស់កោះតៃវ៉ាន់បានអះអាងថា កោះបានទទួលរងនូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតប្រហែលជា ៣០លានករណីក្នុងមួយខែ ដោយគិតជាមធ្យមមានការវាយប្រហារមានចំនួនប្រមាណជា ៧០០ករណីក្នុងមួយនាទី ដោយការវាយប្រហារពាក់កណ្តាលមានប្រភពចេញពីចិនដីគោក។
ដើម្បីជួយទប់ទល់ជាមួយនឹងការគំរាមកំហែង ដែលបង្កឡើងដោយការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិត កោះតៃវ៉ាន់បានបង្ហាញថា ពួកគេចាប់អារម្មណ៍ក្នុងការធ្វើការជាមួយប្រទេសអ៊ីស្រាអែលដើម្បីពង្រឹងសមត្ថភាពការពាររបស់ខ្លួន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១