ក្រុមហេគឃ័ររបស់ចិនវាយប្រហារទូរគមនាគមន៍ធំ ៗ ដោយប្រើឧបករណ៍ហេគកម្រិតខ្ពស់

0

ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវសន្តិសុខនៅក្រុមហ៊ុន Nocturnus បានរកឃើញយុទ្ធនាការចារកម្មតាមអ៊ិនធឺរណិត ដែលមានគំនិតអាក្រក់ចំនួន ៣ដោយយុទ្ធនាការទាំងនោះកំពុងតែផ្តោតលើក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅទូទាំងអាស៊ីអាគ្នេយ៍។

យោងតាមប្រភពរបាយការណ៍មានបញ្ជាក់ខ្លឹមសារថា ក្រុមអ្នកវិភាគបានរាយការណ៍ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហេគឃ័របានវាយប្រហារកំណត់គោលដៅស្ទើរតែទាំងស្រុងទៅលើក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍ធំៗចំនួន ៥ នៅអាស៊ីអាគ្នេយ៍។ ការវាយប្រហារទាំងនោះបានបណ្តាលឲ្យប៉ះពាល់ដល់អតិថិជនចំនួនរាប់សិបលាននាក់ខណៈដែលពួកគេវាយប្រហារដោយក្រុមហេគឃ័រចិន៣ផ្សេងគ្នា។

ក្រោយពីបានធ្វើការស៊ើបអង្កេតលើការវាយប្រហាររួច ក្រុមអ្នកជំនាញសន្តិសុខបានអះអាងថា យុទ្ធនាការព្យាបាទមានឈ្មោះថា DeadRinger បានកំណត់គោលដៅលើក្រុមហ៊ុនចំនួន ៥ ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំ ៗនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ ក្រុមអ្នកជំនាញបានរកឃើញថា ការវាយប្រហារត្រូវបានធ្វើឡើងដោយក្រុមហេគឃ័រទាំង៣ក្រុមរបស់ក្រុមហេគឃ័រ APT ដោយពួកគេមានទំនាក់ទំនងជាមួយក្រុមហេគឃ័រចិន។

ទោះយ៉ាងណាក៏ដោយ គោលបំណងចម្បងរបស់ហេគឃ័រគឺដើម្បីទទួលបាននូវការចូលដំណើរការជាបន្តបន្ទាប់លើអ្នកផ្តល់សេវាទូរគមនាគមន៍ និងធ្វើការប្រមូលទិន្នន័យសំខាន់ទាំងអស់ដើម្បីជម្រុញលើដំណើរការលួចស្តាប់តាមអ៊ីនធឺរណិត។

ក្រៅពីនេះ ក្រុមអ្នកវិភាគបានអះអាងផងដែរថា មានក្រុមហេគឃ័រជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ ហើយក្រុមទាំងនោះបានប្រើប្រាស់វិធីសាស្រ្តទំនើបៗ រចនាសម្ព័ន្ធ និងឧបករណ៍នានាដើម្បីវាយលុកលើក្រុមហ៊ុនទូរគមនាគមន៍ធំៗ។ ទោះជាយ៉ាងណា អ្នកស្រាវជ្រាវនៅតែបន្តស៊ើបអង្កេត ដោយសារតែគេមិនទាន់ច្បាស់ថា ក្រុមហេគឃ័រទាំងនោះត្រូវបានណែនាំឱ្យធ្វើការវាយប្រហារតែលើក្រុមហ៊ុនទូរគមនាគមន៍ ឬយ៉ាងណានោះទេ ប្រសិនបើការវាយប្រហារធ្វើឡើងចេញពីប្រភពតែមួយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here